ប្រទេសអាឡឺម៉ង់ បានព្រមានកាលពីពេលថ្មីៗនេះថា វិធានការណ៍ប្រឆាំងនឹងជំងឺ Covid-19 របស់ខ្លួនទំនងជាមានរយៈពេល ៤ ទៅ ៥ ខែទៀត ខណៈពេលដែលប្រទេសក្រិកបានប្រកាសហាមប្រាមការប្រមូលផ្តុំថ្មី ហើយប្រទេសម៉ិចស៊ិកូបានឆ្លងលើសពីមួយលាននាក់។ អាឡឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុប បានចាក់សោរប្រទេសមួយផ្នែកនៅដើមខែវិច្ឆិកា ដោយបិទបារ ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗទៀត ប៉ុន្តែសាលារៀន និងហាងនានានៅបើកដំណើរការ។
លោក Peter Altmaier រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាឡឺម៉ង់បានមានប្រសាសន៍ថា « យើងនឹងត្រូវរស់នៅដោយមានការប្រុងប្រយ័ត្ន និងការហាមឃាត់យ៉ាងហោចណាស់ក្នុងរយៈពេល ៤ ទៅ ៥ ខែទៀត »។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ដើម្បីសម្រេចថា តើត្រូវបន្តវិធានការណ៍ថ្មីដែលនឹងត្រូវដាក់ឲ្យអនុវត្តជាបណ្តោះអាសន្នរហូតដល់ចុងខែវិច្ឆិកា។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសក្រិកប៉ូលីសបានប្រកាសហាមប្រាមការប្រមូលផ្តុំជាសាធារណៈនៃមនុស្ស ៤ នាក់ ឬច្រើនជាងនេះដោយបានប្រកាសថាព្រឹត្តិការណ៍ និងការហែក្បួននានានឹងមិនកើតឡើងនៅឆ្នាំនេះទេ។

គួរឱ្យដឹងផងដែរថា ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅអាឡឺម៉ង់បានកើនឡើងពីជាង ៣៦០ នាក់នៅដើមខែតុលា ដល់ជាង ៣,៣០០ នាក់ ខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២ រួមជាមួយប្រទេសដទៃទៀតនៅអឺរ៉ុប៕

អត្ថបទ៖ នីតា
ប្រភព៖ https://www.bangkokpost.com/world/2019975/germany-warns-months-more-virus-curbs


