សហព័ន្ធស្រូវអង្ករ អំពាវនាវកសិករត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះស្រូវដើម្បីទទួលបានបរិមាណ និងគុណភាពខ្ពស់សម្រាប់នាំចេញ
សេដ្ឋកិច្ច November 14, 2020 Chan Sreyny

សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករដែលដាំដុះដំណាំស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះដើម្បីទទួលបានបរិមាណនិងគុណភាពខ្ពស់ស្របតាមស្តង់ដារក្នុងការនាំចេញ។ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា វិស័យស្រូវអង្ករកម្ពុជាពុំមានការបាត់បង់ចំពោះការនាំចេញនោះឡើយ ពោលគឺការនាំចេញអង្កររបស់កម្ពុជានៅតែបន្តកើនឡើងជាបន្តបន្ទាប់។

ហេតុដូចនេះហើយលោកបានបញ្ជាក់ថា ដើម្បីឱ្យការនាំចេញកាន់តែមានការកើនឡើងបន្ថែមទៀតនោះ គឺប្រជាកសិករត្រូវអនុវត្តតាមបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃកិច្ចសន្យា ខណៈអ្នកបញ្ជាទិញគឺគេឱ្យតម្លៃទៅតាមគុណភាពស្រូវ។ លោកបញ្ជាក់ថា ស្រូវមានគុណភាពទើបអាចធានាដល់ការនាំចេញទៅក្រៅប្រទេសបាន និងសម្រចបានការនាំចេញ ១លានតោនត្រឹមឆ្នាំ ២០២១-២០២២ ។

« ប្រជាកសិករទាំងអស់ដែលដាំស្រូវសម្រាប់នាំចេញ សូមធ្វើដោយប្រយ័ត្នប្រយែងក្នុងការដាំដុះទៅតាមស្តង់ដារដោយសារតែយើងធ្វើនៅលើមូលដ្ឋានពីរ ដោយទី១ គឺបរិមាណត្រូវតែល្អហើយលើសមុន ទី២ គឺ គុណភាពស្រូវត្រូវតែល្អនឹងលើសមុន ដែលនេះគឺជាការងារដ៏សំខាន់របស់ប្រជាកសិករ ប្រសិនជាយើងចង់បានតម្លៃថ្លៃពីព្រោះអ្នកទិញគឺគេឱ្យតម្លៃថ្លៃគឺអាស្រ័យតាមគុណភាពស្រូវ »។

លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា បច្នុប្បន្នទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជាគឺទៅកាន់ ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក ៣៦% បន្ទាប់មកគឺបណ្តាប្រទេសចំនួន ២៧ នៅក្នុងទ្វីបអឺរ៉ុបមានចំណែក ៣២% ហើយទីផ្សារបន្តបន្ទាប់មានដូចជា៖ បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន ៦ប្រទេសមានចំណែក ១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន ១០ប្រទេសមានចំណែក ៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានីជាពិសេសគឺប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់មានចំណែក ៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិកមានចំណែក ២% និងចុងក្រោយគឺបណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ាមានចំណែក ២% ។

សូមបញ្ជាក់ថា យោងតាមរបាយកាណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញអង្ករក្នុងរយៈពេល ១០ខែនៃឆ្នាំនេះ មានចំនួន ៥៣៦,០៣៥ តោន( ៥សែន ៣ម៉ឺន ៦ពាន់ ៣៥តោន) ដែលមានការកើនឡើង ១៧.១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ ជាមួយគ្នានេះ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅក្រៅប្រទេសចំនួនជាង ៣៦៦លានដុល្លារ កើនឡើងជិត ៤៧លានដុល្លារ ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន