កូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារក្នុងការគាំទ្រវ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍ
សេដ្ឋកិច្ច November 14, 2020 Chan Sreyny

កូរ៉េខាងត្បូងនឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារក្នុងការគាំទ្រវ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍ នេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតីកូរ៉េលោក Moon Jae-in នៅឯកិច្ចប្រជុំកំពូល RoK-Mekong ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ លោក Moon Jae-in បានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវធ្វើឡើងតាមរយៈ “ COVAX ” ដែលជាគំនិតផ្តួចផ្តើមសកល ដែលមានគោលបំណងផ្តល់ឱ្យប្រទេសនូវលទ្ធភាពទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

មេដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គក្នុងការផ្តល់នូវឧបករណ៍ដាច់ដោយឡែក និងការលើកកម្ពស់សមត្ថភាពថែទាំសុខភាពសាធារណៈ។ លោកបានកោតសរសើរ ពីប្រសិទ្ធភាពនៃសកម្មភាពពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ និងប្រទេសក្នុងតំបន់មេគង្គទាំង ៥ គឺ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងថៃ ទោះបីជាមានផលប៉ះពាល់ពីជំងឺ Covid-19 ក៏ដោយ ក៏ទំហំពាណិជ្ជកម្មមកដល់ពេលនេះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

កូរ៉េខាងត្បូង នឹងអភិវឌ្ឍគម្រោងទ្វេភាគីដើម្បីស្តាប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គគ្រប់គ្រងធនធានទឹក និងការពារគ្រោះមហន្តរាយធម្មជាតិ។ កូរ៉េក៏គ្រោងនឹងបង្កើនការចូលរួមចំណែករបស់ខ្លួនដល់មូលនិធិកិច្ចសហប្រតិបត្តិការ Mekong-RoK ផងដែរ។

គួរឱ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំកំពូល Mekong-RoK កាលពីខែវិច្ឆិកា ឆ្នាំមុនប្រទេសកូរ៉េ និងប្រទេសក្នុងតំបន់មេគង្គបានអនុម័តសេចក្តីប្រកាសស្តីពី Mekong-Han River Declaration ដែលអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិ កសិកម្ម និងបរិស្ថានតាមរយៈការចែករំលែកបទពិសោធន៍របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកំណើនយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus