ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវា៉ត់បៃតងក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងសំខាន់គឺ ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាមានបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាមួយលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។

អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមាន៖ ក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ ឯកឧត្តម ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដារគុណភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម ថោង រដ្ឋស័ក្តិ បានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះមានរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ ២០២១-២០២៥ នៅពេលផុតអាណត្តិនេះភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការបន្តគម្រោងទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះ នឹងចាប់អនុវត្តន៍ចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំ មុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រដូចជា៖ ស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះ ទៅគម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តន៍នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា នៅពេលផលិតបានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុនចែកចាយដែលជាគ្រុបរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅផ្សារ អ៊ីអនម៉ល និងនៅតាមបុរីលំនៅឋានមួយចំនួននៅរាជធានីភ្នំពេញដូចជា បុរីប៉េងហួតជាដើមដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ។

បើតាមឯកឧត្តមអគ្គនាយក ថោង រដ្ឋស័ក្តិ បន្លែដែលនឹងអនុវត្តន៍ការដាំដុះដំបូងមានប្រមាណ ១០មុខភាគច្រើនដែលជាបន្លែដាំលើដីរយៈពេលខ្លី និងអាស្រ័យទៅតាមតំបន់ដែលអំណោយផងដល់ដំណាំនីមួយៗ។ នៅពេលឈានដល់ការនាំចេញទៅប្រទេសជប៉ុន មុខបន្លែដែលត្រូវដាំគឺជាបន្លែដែលប្រទេសដាំដុះមិនបាន ឬនៅតាមរដូវ។ ឧទាហរណ៍ដូចជា នៅរដូវត្រជាក់ខ្លាំងប្រទេសជប៉ុនមិនអាចដាំប៉េងបោះបានឡើយ ប៉ុន្តែនៅកម្ពុជាអាចដាំដុះបាន។ ដូច្នេះ ដំណាំដែលប្រជាកសិករខ្មែរត្រូវដាំគឺប៉េងបោះ ហើយក្រុមហ៊ុននឹងជូនដំណឹងអំពីតម្រូវការនៅប្រទេសជប៉ុនប្រាប់ដល់កសិករខ្មែរ។

លោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន រ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅប្រទេសកម្ពុជាព្រមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរពិសេសគឺប្រទេសជប៉ុន។ លោកបានបន្តថា ប្រជាជនជប៉ុនបានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជា ទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើមដែលប្រការនេះពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់។

ប៉ុន្តែដោយសារប្រជាជនកម្ពុជានិយមធ្វើតែកសិកម្មតាមបែបប្រពៃណីទិន្នផលក៏បានទាប បញ្ហាសត្វល្អិតក៏តែងតែយាយីដល់ដំណាំរបស់ពួកគាត់។ ដូច្នេះ ទើបក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនស្ម័គ្រចិត្តដាក់ទុនចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនេះ ឱ្យកាន់តែទទួលបានទិន្នផលខ្ពស់មានទីផ្សារលក់ចែកចាយគ្រប់គ្រាន់ កសិផលមានគុណភាព-សុវត្ថិភាពខ្ពស់ ហើយការដាំដុះក៏អាចចៀសផុតពីសត្វល្អិត និងរោគដំណាំនានាផងដែរ។

ឯកឧត្តម ថោង រដ្ឋស័ក្តិ បានលើកឡើងថា នៅពេលគម្រោងចាប់អនុវត្តន៍ប្រជាកសិករអាចទិញសិទ្ធិប្រើប្រាស់បច្ចេកទេសពីក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ដើម្បីទទួលបានការជួយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ ថែទាំ និងដោះស្រាយបញ្ហានានាក្នុងពេលដាំដុះហើយនៅពេលទទួលបានផលប្រជាកសិករអាចលក់ទៅឱ្យឈ្មួញ ឬក៏អាចចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនវិញផងដែរ ខណៈក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន មានការធានាអំពីទីផ្សារ និងតម្លៃត្រឹមត្រូវជូនប្រជាកសិករ ពោលគឺមិនឱ្យប្រជាកសិករព្រួយបារម្ភអំពីបញ្ហាតម្លៃថោកហួសពេកគ្មានទីផ្សារលក់ ឬលើសតម្រូវការនោះឡើយ។

ប្រជាកសិករត្រូវដាំដុះបន្លែ និងដំណាំរបស់ខ្លួននៅក្នុងផ្ទះកញ្ចក់ (Green House) ព្រោះការធ្វើរបៀបនេះនឹងការពារដំណាំពីសត្វល្អិត និងរោគដំណាំផ្សេងៗរក្សាសីតុណ្ហភាពដែលអំណោយផលដល់ការលូតលាស់ដំណាំ និងងាយស្រួលក្នុងការស្រោចស្រព ប្រមូលផល និងដាំដុះឡើងវិញផងដែរ។

ឯកឧត្តមអគ្គនាយកបានបន្តឱ្យដឹងថា នៅពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ផុតទៅ ស្ថានភាពវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាកម្ពុជានឹងវិលមករកប្រក្រតីភាពឡើងវិញ។ ដូច្នេះ តម្រូវការម្ហូបអាហារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានានោះនឹងកាន់តែមានតម្រូវការខ្ពស់ ដូចជាទីផ្សារសម្រាប់លក់ និងចែកចាយបន្លែកសិផលរបស់កសិករដែលចូលរួមជាមួយក្រុមយ៉ាម៉ាតុហ្គ្រីននេះនឹងកាន់តែធំទូលាយ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចចុះអនុស្សរណៈខាងលើគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nippon Express ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាច្រើនម៉ោងផងដែរ។ ក្រុមហ៊ុន Nippon Express ជាក្រុមហ៊ុនចែកចាយផលិតផលនានាដែលនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន និងប្រទេសនានាជុំវិញពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន


