រដ្ឋាភិបាលឥណ្ឌា ប្រកាសពីវិធានការណ៍ថ្មីដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្ម និងបង្កើតការងារបន្ទាប់ពីមានការព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ
សេដ្ឋកិច្ច November 13, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីវិធានការណ៍ថ្មីដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្ម និងបង្កើតការងារបន្ទាប់ពីធនាគារកណ្តាលបាននិយាយថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាមួយនឹងការប៉ាន់ស្មាននៃការធ្លាក់ចុះប្រចាំត្រីមាស។ ប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ី និងមានប្រជាជន ១.៣ ពាន់លាននាក់ បានមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការឆ្លងរាតត្បាតនៃជំងឺ Covid-19 ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ ២៣.៩% ​​ចន្លោះខែមេសា និងមិថុនា។

ធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI) បាននិយាយថា « ប្រទេសឥណ្ឌា បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទី១ នៃឆ្នាំ ២០២០-២១ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន »។

កាលពីចុងខែមីនា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាមានភាពយឺតយ៉ាវរួចទៅហើយ ដោយសារតែការបិទទ្វារប្រទេសយ៉ាងតឹងរឹង ដែលត្រូវបានកាត់បន្ថយការងារ និងការទទួលបានប្រាក់កម្ចីមិនល្អដែលធ្វើឱ្យធនាគារស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី។

ទន្ទឹមនឹងនេះ នាយយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសនូវវិធានការណ៍ថ្មីដែលត្រៀមថវិកាចំនួន ២៧ ពាន់លានដុល្លារដើម្បីគាំទ្រដល់វិស័យផលិតកម្ មនិងបង្កើតការងារ ដោយរួមបញ្ចូលទាំងការលើកទឹកចិត្តក្នុងការផលិតទំនិញ និងសេវាកម្មក្នុងស្រុក ក៏ដូចជាអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងក្រុមហ៊ុនឥណ្ឌា។

គួរឱ្យដឹងផងដែរថា សេដ្ឋវិទូ Ashutosh Datar ដែលមានមូលដ្ឋាននៅទីក្រុង Mumbai បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចនៅឥណ្ឌា គឺមិនធ្លាប់មានពីមុនមកដោយសារតែការធ្លាក់ចុះខ្លាំងដូច្នេះយើងកំពុងមើលពីការធ្លាក់ចុះពេញមួយឆ្នាំពី -៥% ទៅ -១០% ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia