ជប៉ុន នឹងប្រើមូលនិធិផ្ទាល់ខ្លួន បង្កើតមជ្ឈមណ្ឌលមួយដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺ Covid-19
សេដ្ឋកិច្ច November 13, 2020 Khmernote

នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាជួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងជំងឺឆ្លងដូចជា ជំងឺ​ Covid-19 តាមរយៈមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុនដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លងនេះ។ បើតាមការឲ្យដឹងពីសារព័ត៌មាន NHK នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតជាមួយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ កាលពីថ្ងៃព្រហស្បតិ៍។ ហើយនេះគឺជាការចូលរួមលើកដំបូងរបស់លោកនៅក្នុងកិច្ចប្រជុំពហុភាគីចាប់តាំងពីបានក្លាយជានាយករដ្ឋមន្រ្តីនៅខែកញ្ញា កន្លងមក។

ក្នុងកិច្ចប្រជុំ​នោះលោកបាននិយាយអំពីមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុន ដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងធ្វើការដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនេះ ទៅជាអង្គការមួយដែលនឹងដើរតួនាទីសំខាន់ក្នុងការការពារប្រជាជនក្នុងតំបន់។ បន្ទាប់មកលោក Suga បានសំដៅទៅលើ “ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលជាគំនិតផ្តួចផ្តើមដែលប្រកាសដោយប្លុកកាលពីឆ្នាំមុនស្តីពីតួនាទីរបស់ខ្លួននៅក្នុងតំបន់៕

អត្ថបទ៖ លីនី
ប្រភព៖ nhk