រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ បានមានប្រសាសន៍ថា ប្រទេសថៃអាចរំពឹងថានឹងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុកលើកលែងតែទេសចរណ៍អន្តរជាតិត្រូវបានធ្វើឱ្យរស់ឡើងវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post លោក Phiphat Ratchakitprakarn បាននិយាយថា តួលេខទេសចរណ៍ក្នុងស្រុកមានចំនួន ៤០% នៃតួលេខក្នុងឆ្នាំ២០១៩ ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតនៅពេលដែលគម្រោងជំរុញការធ្វើដំណើរក្នុងស្រុកបញ្ចប់នៅចុងឆ្នាំ។
លោក Phiphat បានបន្ថែមថា ឆ្នាំដ៏លំបាកនឹងមកដល់ ហើយការស្ទុះងើបឡើងវិញរបស់ប្រទេសថៃនឹងជួបការលំបាកជាងការងើបឡើងវិញបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ដោយសារឥទ្ធិពលសេដ្ឋកិច្ចទូលំទូលាយនៃការរីករាលដាលនៃជំងឺ Covid-19 ។ ជាមួយគ្នានេះការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេស គឺចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ហើយទិដ្ឋាការទេសចរណ៍ពិសេស មិនគ្រប់គ្រាន់នោះទេក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍។

លើសពីនេះលោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងអំឡុងពេលធ្វើដំណើរទៅ ៥ ឬ ៦ ខេត្ត ប្រតិបត្តិករអាជីវកម្មក្នុងស្រុកបានប្រាប់លោកថា ពួកគេខ្លាចក្នុងការរស់នៅប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត។ ស្របពេលដែលក្រសួងទេសចរណ៍បានយល់ព្រមលើមូលនិធិដែលមានទឹកប្រាក់ពី ៥០ ទៅ ១០០ ពាន់លានបាត ដើម្បីជួយ ដែលបានដាក់ជូនក្រសួងហិរញ្ញវត្ថុដើម្បីសុំការយល់ព្រម។

គួរឲ្យដឹងថាយ៉ាងហោចណាស់ ៥០% នៃអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍នឹងត្រូវបិទជារៀងរហូត ប្រសិនបើពួកគេមិនអាចទទួលបាននូវវិធានការណ៍ណាមួយដែលមានប្រសិទ្ធិភាពពីរដ្ឋាភិបាលរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក្រសួងមិនអាចបណ្តោយឱ្យពួកគេបិទទេ ពីព្រោះប្រទេសថៃនឹងខ្វះអាជីវកម្មដែលអាចទទួលភ្ញៀវទេសចរនៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


