វ៉ាក់សាំង Covid-19 របស់ Pfizer និង BioNTech បង្កើតក្ដីសង្ឃឹមដល់មនុស្សជាតិក៏ពិតមែន តែធ្វើឲ្យរដ្ឋាភិបាលជាច្រើនកំពុងប្រឈមនឹងបញ្ហា
សេដ្ឋកិច្ច November 11, 2020 Khmernote

របកគំហើញដ៏មានសក្ដានុពលថ្មីដែលបានបង្ហាញកាលពថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ នៃវ៉ាក់សាំង Covid-19 បានធ្វើឲ្យរដ្ឋាភិបាលជាច្រើនកំពុងប្រឈមនឹងបញ្ហាខាងដឹកជញ្ជូន និងការចែកចាយវ៉ាក់សាំងរាប់រយលានដូស នៅពេលដែលអាចប្រើបាននៅប៉ុន្មានខែខាងមុខនេះ។ បន្ទាប់ពីទិន្នន័យសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វ៉ាក់សាំងពិសោធនដែលត្រូវបានបង្កើតឡើងដោយ Pfizer និង BioNTech របស់អាឡឺម៉ង់មានប្រសិទ្ធិភាពជាង ៩០% ដែលជាក្តីសង្ឃឹមនៃការបញ្ចប់ការរាតត្បាតដែលបានសម្លាប់មនុស្សអស់ជាងមួយលាននាក់ ហើយបានបំផ្លាញសេដ្ឋកិច្ចរបស់ពិភពលោក។

យោងតាមការចុះផ្សាយរបស់ CNA កាលពីម្សិលមិញក្រុមហ៊ុនផលិតឱសថទាំងពីរបានរំពឹងថា ពួកគេអាចផលិតវ៉ាក់សាំងបានប្រហែល ៥០ លានដូសនៅដំណាច់ឆ្នាំនេះ និង ១.៣ ពាន់លានដូសនៅឆ្នាំក្រោយ ប្រសិនបើមានការអនុម័តបទប្បញ្ញត្តិ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបមានកិច្ចព្រមព្រៀងដើម្បីធានានូវវ៉ាក់សាំងរាប់រយលានដូស ប៉ុន្តែអាជ្ញាធរនឹងត្រូវការ ការធ្វើផែនការ និងភ័ស្តុភារទំនើប ដើម្បីធានាថាពួកគេត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះ BioNTech បាននិយាយថាខ្លួនកំពុងគ្រោងនឹងកំណត់តម្លៃវ៉ាក់សាំងចំនួនពីរក្រោម “អត្រាទីផ្សារធម្មតា” ហើយនឹងធ្វើឱ្យតម្លៃរវាងប្រទេស ឬ តំបន់ខុសគ្នា។ ប៉ុន្តែវ៉ាក់សាំងត្រូវតែត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅក្នុងសីតុណ្ហភាពពាក់កណ្ដាល (-៧០អង្សារ) ដោយការរក្សាទុកនេះ មិនសមស្របសម្រាប់ពេលបច្ចុប្បន្ននៃប្រទេសក្រីក្រជាច្រើននៅអាស៊ី និងកន្លែងផ្សេងទៀតដែលខ្វះខាតទូរទឹកកកជាចាំបាច់។ អ្នកឯកទេសខាងសុខភាពស្វីសបាននិយាយកាលពីថ្ងៃអង្គារថា សីតុណ្ហភាពដែលត្រូវនឹងរដូវរងារអង់តាក់ទិក ទំនងជាត្រូវការទីតាំងកណ្ដាលណាមួយដើម្បីចាក់វ៉ាក់សាំង។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិកលោក Matshidiso Moeti បាននិយាយថា៖ « ព័ត៌មានគួរឱ្យរំភើបកាលពីថ្ងៃច័ន្ទ នៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាពអាចការពារ នឹងប្រឈមជាមួយច្រវ៉ាក់ត្រជាក់ដ៏សំខាន់សម្រាប់ប្រទេសអាហ្វ្រិកចំពោះប្រភេទវ៉ាក់សាំងនោះ។ ដែលរដ្ឋាភិបាលត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីឆ្លើយតបទៅនឹងការរក្សាទុកវ៉ាក់សាំងនេះជាចាំបាច់ »។

ជាមួយគ្នានេះដែរ BioNTech បាននិយាយនៅក្នុងបទបង្ហាញថា ប្រអប់ការពារកម្ដៅ អាចការពារសីតុណ្ហភាពទាបបំផុតរហូតដល់ ១០ ថ្ងៃសម្រាប់សីតុណ្ហភាពព័ទ្ធជុំវិញរហូតដល់ ២៥អង្សា ដោយមិនចាំបាច់បើក និងរហូតដល់ ១៥ ថ្ងៃប្រសិនបើប្រអប់ទាំងនោះត្រូវបានបើក ហើយបន្ទាប់មកត្រូវបានបិទ និងដាក់រក្សាទុកក្នុងសីតុណ្ហភាពត្រជាក់វិញ។ ដូចដែលបានប្រកាសពីមុនវ៉ាក់សាំង អាចត្រូវបានរក្សាទុករហូតដល់ ៥ថ្ងៃនៅសីតុណ្ហភាពក្នុងទូរទឹកកក។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក Alex Azar បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកដែលមានកិច្ចសន្យាចំនួន ២ពាន់លានដុល្លារសម្រាប់វ៉ាក់សាំង Pfizer ចំនួន ១០០លានដូស អាចទទួលបានចំនួន ២០ លានដូសក្នុងមួយខែដោយចាប់ផ្តើមនៅចុងខែនេះប្រសិនបើ Pfizer ធ្វើបានលឿនដូចដែលបានរំពឹងទុក ហើយការអនុម័តបទប្បញ្ញត្តិមានសុវត្ថិភាព។

សម្រាប់ផ្នែករបស់ខ្លួនគណៈកម្មការអឺរ៉ុបដែលកំពុងចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងនាមរដ្ឋនានារបស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធ ដើម្បីធានានូវវ៉ាក់សាំងចំនួន ៣០០ លានដូស។ ចក្រភពអង់គ្លេសដែលរំពឹងថានឹងមានវ៉ាក់សាំងចំនួន ១០ លានដូសនៅដំណាច់ឆ្នាំនេះ បានស្នើដល់សេវាសុខភាពជាតិត្រៀមដាក់ពង្រាយវ៉ាក់សាំងការពារចាប់ពីដើមខែធ្នូ។ ខណៈអ្នកឯកទេសខាងភ័ស្តុភារអឺរ៉ុបបាននិយាយថា ពួកគេមានសមត្ថភាពក្នុងការប្រឈមនឹងការរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។

លោក Frank Appel នាយកប្រតិបត្តិក្រុមហ៊ុន Deutsche Post របស់ប្រទេសអាល្លឺម៉ង់បានប្រាប់អ្នកសារព័ត៌មានថា « ការចែកចាយនឹងមិនបរាជ័យទេដោយសារភ័ស្តុភារ ដោយខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនឱសថ និងរដ្ឋាភិបាលរួចហើយអំពីព័ត៌មានលម្អិតរួមទាំងតម្រូវការត្រជាក់ »។

លោកបានបន្តថា ផ្នែកភ័ស្តុភារកិច្ចរបស់ខ្លួនប្រតិបត្តិការនៅទីតាំងជាង ១៨០ កន្លែងនៅទូទាំងពិភពលោក ដោយត្រូវនឹងតម្រូវការឧស្សាហកម្មឱសថដែលផលិតផលវេជ្ជសាស្ត្រងាយរងគ្រោះអាចត្រូវបានរក្សាទុក និងវេចខ្ចប់នៅសីតុណ្ហភាពខុសគ្នា។ ដោយប្រទេសអាឡឺម៉ង់រំពឹងថានឹងទទួលវ៉ាក់សាំង ១០០ លានដូល្លា អាជ្ញាធរនៅប៊ែរឡាំងក៏រំពឹងថានឹងទាញកម្លាំងយោធាដើម្បីជួយគ្រប់គ្រងការផ្ទុក។ ជាមួយគ្នានេះប្រភពរដ្ឋាភិបាលមួយនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថា កងទ័ពក៏ទំនងជាត្រូវបានអំពាវនាវឱ្យជួយគ្រប់គ្រងស្តុក និងចែកចាយវ៉ាក់សាំងផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia