កាសែត New Straits Times បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីត្រូវការថវិកាចំនួន ១០ ពាន់លានរីងហ្គីត (ជាង ២.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីការពារជំងឺរាតត្បាតឆ្លងទ្វីប Covid-19 នៅឆ្នាំក្រោយដោយសុវត្ថិភាព។ យោងតាមលោកស្រីវេជ្ជបណ្ឌិត Maznah Dahlui អ្នកស្រាវជ្រាវនាំមុខក្នុងការវិភាគ និងយុទ្ធសាស្រ្តរោគរាតត្បាត Covid-19 ក្រោមការត្រួតពិនិត្យរបស់ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ប្រទេសនេះ ថវិកាដែលបូកបន្ថែមនឹងរាប់បញ្ចូលការព្យាបាលការទាក់ទងការតាមដាន ការធ្វើតេស្ត រួមទាំងការចំណាយសម្រាប់ការចែកចាយ និងគ្រប់គ្រងវ៉ាក់សាំងនៅពេលជោគជ័យ។
លោកស្រីបាននិយាយថា រហូតមកដល់ពេលនេះក្រសួងបានចំណាយប្រាក់ប្រមាណ ២ ពាន់លានរីងហ្គីដលើការទប់ស្កាត់ការរីករាលដាលរបស់ Covid-19 ។ ក្នុងនោះថវិកា ៨២០ លានរីងហ្គីត ត្រូវបានបញ្ជូនដើម្បីគិតថ្លៃព្យាបាលសម្រាប់អ្នកជំងឺចំនួន ៣៥,៤២៥ នាក់រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំនេះ។

ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ Covid-19 ចំនួន ១,៧៥៥ ករណីដែលកើនឡើងជារៀងរាល់ថ្ងៃ ក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង ដែលនាំឱ្យមានចំនួនសរុបនៅក្នុងប្រទេសដល់ទៅ ៣៨,១៨៩ នាក់។ ក្នុងចំណោមករណីសរុបនោះ មានមនុស្សចំនួន ២៧៩ នាក់បានស្លាប់ និង ២៦,៣៨០ នាក់បានជាសះស្បើយវិញ៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


