យោងតាមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបានឲ្យដឹងថា ការនាំចេញជ្រូក និងមាន់របស់ប្រទេសថៃក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺកើនខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Sorawit Thanito អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការទទួលបានជោគជ័យនេះគឺមកពីសុវត្ថិភាពចំណីអាហារ និងតុល្យភាពក្នុងផលិតកម្មរបស់ប្រទេសថៃ។
លោក Sorawit Thanito បានបន្តឲ្យដឹងថា ប្រទេសថៃបាននាំចេញជ្រូកចំនួន ២ លានក្បាលក្នុងតម្លៃ ១៣ ពាន់លានបាត (ប្រមាណ ៤២៦ លានដុល្លារ) ចាប់ពីខែមករាដល់ខែតុលាក្នុងឆ្នាំនេះ ដែលមានការកើនឡើង ៣៤៤.៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះលោកបានបន្ថែមថា សាច់មាន់ចំនួន ៧៦៩,០០០ តោន និងផលិតផលពាក់ព័ន្ធដែលមានតម្លៃ ៨៩ ពាន់លានបាត (ប្រមាណ ២,៩១ ពាន់លានដុល្លារ) ក៏ត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះផងដែរ ដោយកត់សម្គាល់ឃើញថាមានការកើនឡើង ០.៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។ ក្នុងចំណោមនោះផលិតផលមាន់សាច់មាន់ស្រស់មានចំនួន ៥៨.៥% និងសាច់មាន់កែច្នៃមានចំនួន ៤១.៥%៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


