យោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបានចំណាយប្រាក់ជាង ៩.៥ ពាន់លានដុល្លារ ក្នុងការនាំចូលក្រណាត់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដោយបានបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំ ១៣% ។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ទីផ្សារនាំចូលសម្លៀកបំពាក់ធំបំផុតរបស់ប្រទេសរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ចន្លោះពីខែមករា ដល់ខែតុលា វៀតណាមបាននាំចូលកប្បាសជាង ១.២ លានតោនដែលមានតម្លៃជាង ១.៩ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ១.២% គិតជាបរិមាណ និង ១៤.៥% គិតជាតម្លៃ។

ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសនេះក៏បានចំណាយប្រាក់ជាង ១.៦ ពាន់លានដុល្លារធ្លាក់ចុះ ២០.១% ក្នុងការនាំចូលអំបោះ ៨៣២,០០០ តោនធ្លាក់ចុះ ៨.៥% ។

គួឱ្យដឹងផងដែរថា កាលពីឆ្នាំមុនវៀតណាមបានចំណាយប្រាក់ជាង ១៣.៣ ពាន់លានដុល្លារក្នុងការនាំចូលក្រណាត់ និងរកចំណូលបានប្រមាណ ៣២.៦ ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


