សមាគមភ្នាក់ងារទេសចរណ៍ថៃ កំពុងជម្រុញឲ្យមានការធ្វើដំណើរដោយមិនបាច់ធ្វើចត្តាឡីស័ក ដែលជាឧបសគ្គដ៏ធំសម្រាប់វិស័យទេសចរណ៍
ទេសចរណ៍ November 7, 2020 Khmernote

សមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) និយាយថា ការបង្កើតការធ្វើដំណើរ (travel bubbles) រវាងប្រទេសដែលមានហានិភ័យទាបនៃវីរុស Covid-19 ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឧស្សាហកម្មទេសចរណ៍ ព្រោះតម្រូវការមានការកើនឡើងសម្រាប់ការធ្វើដំណើរទៅបរទេស។

លោក Suthiphong Pheunphiphop ប្រធានសមាគម (TTAA) បានមានប្រសាសន៍ថា ប្រសិនបើមិនមានករណីកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ ឬ ក្រៅប្រទេសទេនោះ ស្ថានភាពវិស័យទេសចរណ៍អាចនឹងប្រសើរឡើងជាបណ្តើរៗ នៅខែមិថុនាឆ្នាំក្រោយ ដោយចាប់ផ្តើមពីភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រសិនបើការចូលដោយពុំចាំបាច់​តម្រូវឲ្យធ្វើចត្តាឡីស័កត្រូវបានអនុញ្ញាត។

លោកបានបន្តថា ជំហានដំបូងនេះ គឺជាការរៀបចំមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករធ្វើដំណើរទៅក្រៅប្រទេសថៃ ចាប់ផ្តើមចាប់យកទីផ្សារនេះឡើងវិញដោយការបំពេញជើងហោះហើរ។ លោក Suthiphong បានមានប្រសាសន៍ថា៖ «ការទាមទារឱ្យធ្វើចត្តាឡីស័ក គឺជាឧបសគ្គដល់វិស័យទេសចរណ៍ »។ យោងតាមប្រធានសមាគមរូបនេះ ប្រជាជនបានកែប្រែរបៀបរស់នៅរបស់ពួកគេក្នុងកំឡុងពេលផ្ទុះជំងឺ Covid-19 ខណៈដែលបំណងក្នុងការធ្វើដំណើរកម្សាន្ត បន្ទាប់ពីត្រូវបានចាក់សោនៅក្នុងប្រទេសរបស់ពួកគេអស់រយៈពេលជាងមួយឆ្នាំនឹងជួយឱ្យទីផ្សារនៅក្រៅប្រទេសងើបឡើងវិញចាប់ពីពាក់កណ្តាលឆ្នាំក្រោយ។

ជាមួយគ្នានេះពាក់កណ្តាលនៃប្រតិបត្តិករទេសចរណ៍ក្រៅស្រុកចំនួន ៨០០ នាក់ដែលជាសមាជិក TTAA ត្រូវបានបិទជាបណ្តោះអាសន្ន ហេតុដូចច្នេះសមាគមត្រូវលើកទឹកចិត្តសមាជិកឱ្យផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើទីផ្សារក្នុងស្រុក ដើម្បីអាចរស់រានបានបន្តប្រតិបតិ្តការរហូតដល់វិស័យទេសចរណ៍អាចចាប់ផ្តើមឡើងវិញនៅឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា យោងតាម ​​(TTAA) មានទេសចរថៃចំនួន ១១ លាននាក់នៅក្រៅប្រទេសដែលបានចំណាយប្រាក់ចំនួន ៤៣០ ពាន់លានបាតនៅបរទេសក្នុងឆ្នាំ២០១៩ ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost