ត្រឹមរយៈពេល ៩ ខែនៃឆ្នាំនេះ តំបន់ការពារធម្មជាតិទាញចំណូលពីភ្ញៀវទេសចរជាង ២៥ លានដុល្លារ
សេដ្ឋកិច្ច November 6, 2020 Chan Sreyny

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិ បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥.២១ លានដុល្លារ( ២៥លាន ២សែន ១ម៉ឺនដុល្លារ)។

ឯកឧត្តមបញ្ជាក់ថា ចំណូលទាំងនេះបានទទួលពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥៣ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិជាង ៥២ ម៉ឺននាក់ដែលចូលទៅទទួលយកសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាន និងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន។

ឯកឧត្តមបន្តថា ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់ទេសភាពនៃតំបន់ការពារធម្មជាតិឆ្នាំនេះកើនឡើង ដោយកាលពីឆ្នាំទៅគឺមានតែជាង ៤០ ម៉ឺននាក់ជាមួយចំណូលតែជាង ១៨.៩០ លានដុល្លារប៉ុណ្ណោះ( ១៨លាន ៩សែនដុល្លារ)។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិក្នុងពេលបច្ចុប្បន្នមានចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣ម៉ឺន ៥ពាន់ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួមមាន៖ ខេត្តរតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាបង្កើនការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិដូចជា នៅក្នុងខេត្តមណ្ឌលគិរីក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរដូចជា៖ នៅសហគមន៍ទេសចរណ៍ធម្មជាតិ រលាក់កងជើង(ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, សហគមន៍ផាត់សណ្ដាយ ខេត្ដកំពង់ធំ, សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង, តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី, តំបន់ទេសចរណ៍ធម្មជាតិច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និងនៅជីផាតខេត្តកោះកុងជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន