បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិ និងឯកជន ប្រមាណ ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ និងរបួសពី ១០ ទៅ ១៥នាក់ នេះដោយយោងតាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាង ៩៣% បង្កឡើងដោយកកត្តាមនុស្សដោយសារការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរក្នុងពេលស្រវឹង ការប្រើប្រាស់គ្រឿង និងការបើកបរខ្វះការអធ្យាស្រ័យគ្នា។ ចំនែកមួយទៀតប្រហែល ៣% បណ្ដាលមកពីកត្តាយានយន្ត ហើយកកត្តាមួយតូចទៀតគឺ កត្តាផ្លូវថ្នល់។ បន្ថែមពីនេះឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានឡាន និងម៉ូតូចំនួន ៥.៨ លានគ្រឿង (ក្នុងនោះ ជាង ៩សែន គ្រឿងជារថយន្ត) ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងការទប់ស្កាត់ និងកាត់គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលបានខិតខំសាងសង់ ពង្រីក លើកកម្ពស់គុណភាព និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយបាននិងកំពុងបន្តបំពាក់បរិក្ខារផ្លូវថ្នល់ដូចជា ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា និងចំណាំងផ្លាត ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពជាដើម ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕


អត្ថបទ៖ លីនី


