យោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) បានបង្ហើបថា ផ្សាររាត្រី និងផ្លូវថ្មើរជើងនឹងត្រូវសាងសង់នៅតំបន់ជុំវិញកោះពេជ្រ សម្រាប់ប្រជាជនរស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
លោកទូច សំណាង អគ្គនាយករងនៃសាជីវកម្មវិនិយោគកម្ពុជា-ចិនក្រៅប្រទេស (OCIC) បានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា បច្ចុប្បន្នការអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មកោះពេជ្រទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងនៅតំបន់ជុំវិញកោះពេជ្រ ដែលជាផ្នែកសំខាន់បំផុតនៃផែនការអភិវឌ្ឍរួមរបស់កោះនេះ។

សូមជម្រាបថា រហូតមកដល់ពេលនេះតំបន់អភិវឌ្ឍន៍នៃកោះពេជ្រទាំងមូលមានត្រឹមតែ ៥០% នៃផ្ទៃដីសរុប ហើយមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នៅលើកោះនេះក៏នឹងត្រូវផ្លាស់ទៅទីក្រុងរណប ជ្រោយចង្វារ នាពេលអនាគតផងដែរ។ នាពេលបច្ចុប្បន្នកោះពេជ្រកំពុងបោះជំហានយ៉ាងលឿននៃការអភិវឌ្ឍន៍ តំបន់ជាច្រើនបានចាប់ផ្តើមសាងសង់ផ្លូវដើរ និងភោជនីយដ្ឋានដ៏ទូលំទូលាយដើម្បីបម្រើដល់ប្រជាពលរដ្ឋដែលសម្រាកនិងទស្សនានៅពេលរាត្រី។
ប្រែសម្រួល៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


