ខេត្តវ័យចំណាស់ជាង​គេបំផុតរបស់កម្ពុជា គ្រោងនាំស្រូវចេញជាង ៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងនាំចេញក្នុងឆ្នាំនេះ
សេដ្ឋកិច្ច November 6, 2020 Khmernote

មន្រ្តីជំនាញកសិកម្មខេត្តតាកែវបានអះអាងថា ឆ្នាំនេះខេត្តអាចនាំស្រូវចេញបានជាង ៨០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ បើទោះបីមានគ្រោះរាំងស្ងួត និងទឹកជំនន់កើតមានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា រហូតមកដល់ពេលនេះ ផលស្រូវដើមរដូវជាង ៥ម៉ឺនហិកតា ប្រមូលផលបាន ១០០%ហើយ ដោយទទួលបានទិន្នផលជាង ៤តោនក្នុងមួយហិតតា បើគិតជាបរិមាណផលទទួលបាន ២៤៥,៨៣៩តោន ។

លោកប្រធានមន្ទីរបន្ថែមថា ស្រូវដើមរដូវ ឬ ហៅថាស្រូវស្រាល មានដូចជាស្រូវសែនក្រអូប ស្រូវអ៊ីអ៊ែ ជាដើមនោះ គឺបងប្អូនប្រជាកសិករនិយមដាំច្រើនជាងគេ ព្រោះថាស្រូវប្រភេទនេះឆាប់ទទួលបាន ផល និងមានតម្លៃសមរម្យនៅលើទីផ្សារបច្ចុប្បន្ន។បន្ទាប់ពីចប់ការប្រមូលផលស្រូវដើមរដូវរួចរាល់ ប្រជាកសិករនៅខេត្តតាកែវ មិនបង្អង់យូរនោះទេ ខិតខំបន្ដការដាំដុះស្រូវកណ្តាលរដូវបន្ថែមទៀត ដោយអាចប្រមូលផលបានឆាប់នៅពាក់កណ្តាលខែ វិច្ឆិកានេះ។

តាមរយៈលោកប្រធានមន្ទីរ ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋប្រមាណ ៧៩% ប្រកបរបរធ្វើស្រែចម្ការ នេសាទ និងចិញ្ចឹមសត្វ ។ ក្នុងមួយឆ្នាំកសិករអាចធ្វើ ស្រែបានពី ២ទៅ៣ ដង និងទទួលបានទិន្នផលជាមធ្យម ៥តោនក្នុងមួយហិកតា។ លោកមានប្រសាសន៍ថា៖ « ខេត្តតាកែវដំណាំស្រូវទាំងរដូវប្រាំង និងរដូវវស្សា គឺធានាបាន ផ្គត់ផ្គង់ការហូបចុកបានគ្រប់នៅក្នុងខេត្តតាកែវ និងអាចសល់លក់ចេញកិនជាអង្ករ ឬក៏ជាស្រូវមិនតិចជាង ៨០ម៉ឺនតោននោះទេ»។

លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា នៅក្នុងផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០-២០២១នេះ ចំនួនជាង ១៨០ ពាន់ហិកតា គឺអនុវត្តបានចំនួន ២៩០,៨៩៥ ហិកតា ស្មើនឹង ១១៦,៦១% ។ ប៉ុន្តែក្នុងចំនួននៃការផលិតបាននេះ ត្រូវរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ២,៥៩៧ ហិកតា រាំងស្ងួតចំនួន ១៧២ ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន