ទោះបីមានកូវីដ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែកើនឡើង ក្នុងរយៈពេល ៩ខែនៃឆ្នាំនេះ
សេដ្ឋកិច្ច November 5, 2020 Khmernote

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥,០៦០ លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំនេះ ឬ កើនឡើង ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីមានវិបត្ដិកូវីដ-១៩។ យោងតាមការិយាល័យត្រួតពិនិត្យសហរដ្ឋអាមេរិកក្នុងរយៈពេល ៩ខែនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤,៨២៨ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង ២២%។

មួយវិញទៀតការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២% ស្មើនឹង ២៣២ លានដុល្លារក្នុងរយៈពេលដូចគ្នា។ ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរបស់អាមេរិករួមមាន យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

សូមជម្រាបផងដែរថា ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែកក្កដាឆ្នាំ២០១៦ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍មិនគិតពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរដូចជាឥវ៉ាន់កាបូបស្ពាយ កាបូបដៃ និងកាបូប នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។ កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួន ៥.៨ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៣៧% ពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន