ទិន្នន័យផ្លូវការមួយបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សនៅក្នុងត្រីមាសទី៣ ដោយសារជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់ការប្រើប្រាស់ និងសកម្មភាពជំនួញនៅក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍។
ប្រភពដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ៣.៤៩% ក្នុងខែកក្កដា-កញ្ញា។ វិបត្តិសេដ្ឋកិច្ចដំបូងរបស់ឥណ្ឌូនេស៊ី គឺបានកើតឡើងកាលពីវិបត្តិសេដ្ឋកិច្ចអាស៊ីក្នុងឆ្នាំ ១៩៩៨ ហើយសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានធ្លាក់ចុះពីរត្រីមាសជាប់ៗគា្ន ខណៈពេលដែលប្រទេសនេះកំពុងទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ Covid-19 ។

ទន្ទឹមនឹងនេះ លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា « ការធ្លាក់ចុះនៃការប្រើប្រាស់ និងការវិនិយោគឯកជនបានធូរស្រាលនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទទួលរងនូវការវាយលុកកាន់តែខ្លាំងនៅក្នុងរយៈពេល ៣ ខែមុន »។
លោកស្រីបានបន្ថែមថា « រដ្ឋាភិបាលបានចាត់វិធានការដើម្បីត្រួតពិនិត្យការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ហើយធានាបាននូវវិន័យសាធារណៈជាមួយនឹងពិធីសារសុខភាព ដែលនឹងកំណត់ថាតើសេដ្ឋកិច្ចអាចងើបឡើងវិញបាន ឬមើលឃើញកំណើន GDP នៅក្នុងត្រីមាសទី ៤ »។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសន្យាថា នឹងបង្កើនការចំណាយដើម្បីជំរុញ GDP ឱ្យមានកំណើនឡើងវិញនៅត្រីមាសនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


