សមាគមនាំចេញអង្ករថៃ ប៉ាន់ស្មានការនាំចេញអង្ករសរុបសម្រាប់ឆ្នាំ ២០២០ មានចំនួន ៥ លានតោន ពោលគឺមានតែពាក់កណ្តាលនៃតួលេខកាលពីឆ្នាំមុនចំនួន ១០ លានតោន។
លោក Wichai Sriprasert ប្រធានកិត្តិយសបាននិយាយថា « ឆ្នាំក្រោយស្ថានការណ៍អាចនឹងអាក្រក់ជាងនេះ ដោយសារកម្រិតទឹកនៅក្នុងទំនប់ទឹកធំៗចំនួន ៣៥ នៅតែទាបជាងឆ្នាំមុន ខណៈរដូវភ្លៀងនឹងបញ្ចប់ឆាប់ៗនេះ។ ដូច្នេះទិន្នផលស្រូវនៅឆ្នាំ ២០២១ អាចនឹងទាបជាងឆ្នាំនេះ »។

លោកបន្តថា « លើសពីនេះទៀតប្រទេសចិនឥឡូវនេះមានស្រូវច្រើនជាង ១០០ លានតោននៅក្នុងស្តុករបស់ពួកគេ ដូច្នេះពួកគេអាចប្រកួតប្រជែងជាមួយយើងនៅក្នុងទីផ្សារបរទេសដូចជា អាហ្វ្រិកដោយប្រើយុទ្ធសាស្ត្រកាត់បន្ថយតម្លៃ ព្រោះតម្លៃផលិតកម្មស្រូវរបស់យើងនៅតែខ្ពស់ជាងគូប្រជែងរបស់យើង »។

លោក Wichai បានបន្ថែមថា « ដោយសារគ្រោះរាំងស្ងួត ថ្លៃដើមនៃការផលិតស្រូវគឺ ៨,០០០ បាតក្នុងមួយតោនខ ណៈដែលប្រទេសផលិតស្រូវផ្សេងទៀតដូចជា៖ ចិន វៀតណាម ឥណ្ឌា និងមីយ៉ាន់ម៉ាកំពុងតែមើលឃើញថ្លៃដើមប្រហែល ៦,០០០ បាតក្នុងមួយតោន។ ចំពោះតម្លៃនេះធ្វើឲ្យអង្ករថៃថ្លៃជាងអង្ករបរទេសប្រហែល ១០០ ដុល្លារក្នុងមួយតោន »។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នប្រព័ន្ធស្រោចស្រពរបស់ថៃនៅមិនទាន់គ្រប់ជ្រុងជ្រោយទេ ដែលបណ្តាលឱ្យកសិករដែលមានស្រូវឆ្ងាយពីអាងស្តុកទឹកចំណាយប្រាក់បន្ថែមលើម៉ាស៊ីនបូមទឹក ដូច្នេះធ្វើឱ្យថ្លៃដើមផលិតរបស់ពួកគេកើនឡើងថែមទៀត៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


