សេដ្ឋកិច្ចរបស់ចិន អាចកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ ហើយប្រទេសនេះអាចឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈពេលដែលបក្សកុម្មុយនិស្តបានបង្ហាញផែនការប្រកបដោយមហិច្ឆតាសម្រាប់អនាគតប្រទេសជាតិ នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីចិនលោក Xi Jinping ។
លោក Xi Jinping បាននិយាយនៅក្នុងសុន្ទរកថារបស់គណបក្សថា « វាអាចធ្វើបានទាំងស្រុងដើម្បីឈានដល់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តាមស្តង់ដារបច្ចុប្បន្ន នៅចុងបញ្ចប់នៃផែនការប្រាំឆ្នាំទី១៤ និងបង្កើនទិន្នផលសេដ្ឋកិច្ចទ្វេដង ឬប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០៣៥ »។

ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក ដោយធនាគារផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានចាត់ថ្នាក់ប្រទេសចិនថា ជាប្រទេសមានសេដ្ឋកិច្ចមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ១០,៤១០ ដុល្លារ។
ទន្ទឹមនឹងនេះ គោលដៅចុងក្រោយរបស់លោក Xi Jinping គឺស្រដៀងគ្នាទៅនឹងគោលដៅបច្ចុប្បន្នដើម្បីបង្កើន GDP និងប្រាក់ចំណូលទ្វេដងពីកម្រិតឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ក៏ដូចជាការកសាងសង្គមដែលមានភាពរីកចម្រើនកម្រិតមធ្យមមួយនៅចុងឆ្នាំនេះ។ លោក Xi បាននិយាយថា ប្រទេសចិននឹងប្រកាសជ័យជំនះជាផ្លូវការលើគោលដៅនោះ បន្ទាប់ពីបានធ្វើការវាយតម្លៃជាប្រព័ន្ធនៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ។

លើសពីនេះទៅទៀត គោលដៅថ្មីអាចនឹងកាន់តែពិបាកក្នុងការសំរេចបាន នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលអាចបណ្តាលមកពីការឆ្លងជំងឺ Covid-19 អាចនឹងបន្តរាប់ឆ្នាំទៅមុខ និងបរិយាកាសភូមិសាស្ត្រនយោបាយដែលក្លាយជាអរិភាពនឹងមហិច្ឆតារបស់ចិន។
គួរឱ្យដឹងផងដែរថា ក្រុមសេដ្ឋវិទូដែលអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg មើលឃើញថាសេដ្ឋកិច្ចរបស់ចិនបានកើនឡើង ២.១% នៅឆ្នាំនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ japantimes


