ត្រឹមរយៈពេល ១០​ ខែដំបូងនៃឆ្នាំនេះប្រាក់ចំណូល​ពី​ការនាំចេញ​អង្ករ​កើនឡើង​ជិត ​៤៧ ​លាន​ដុល្លារ
សេដ្ឋកិច្ច November 4, 2020 Chan Sreyny

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ១០​ ​ខែដំបូងនៃឆ្នាំ​ ២០២០ ចំណូល​ពី​ការនាំចេញ​អង្ករ​កម្ពុជា​កើនឡើង​ប្រមាណ​ជាជិត ២០%​​ ។

​ប្រភព​ដដែល​បាន​អះអាងថា គិត​ត្រឹម​រយៈពេល​ ១០ ​ខែនៃ​ឆ្នាំ ​២០២០ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករទៅ​ក្រៅប្រទេស មានការ​កើនឡើង​ជិត ​៤៧ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កំណើន​នេះ​ស្មើនឹង​ ១៥% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា « ​ជារួមទឹកប្រាក់​សរុប​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ​ ក្នុង​រយៈពេល ​១០ ​ខែមាន​ចំនួន ៣៦៦.៤៤​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ការនាំចេញ​ក្នុង​ ១០ ​ខែ​នេះ ក៏មាន​ការកើនឡើងជិត​ ២០% ​ផងដែរ​ »។ នៅក្នុង​រយៈពេល​ ១០ ខែនេះបរិមាណ​នៃ​ការនាំចេញ​អង្ករគឺមាន​ចំនួន ៥៣៦,០៣៥ តោនកើនឡើង​ ១៧.១១% ។​

​ទីផ្សារ​អង្ករ​កម្ពុជា​ គឺ​ទៅកាន់​ចិនដោយ​រួមទាំង​ហុងកុង ម៉ា​កាវ និងតៃវ៉ាន់ គឺមាន​ចំណែក ៣៦​% ២៧​ ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ៣២​% អាស៊ានមាន ​៦ ​ប្រទេសចំនួន​ ១៣% ប្រទេស​ចំនួន ​១០ ​នៅ​អាហ្វ្រិក​ចំនួន ៩​% ប្រទេស​នៅ​អូ​សេ​អា​នី ដូចជា​អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ចំនួន ៦​% និងបណ្តា​ដែនដី​កោះ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​បារាំង និង​អាមេរិកបាន ២​% ហើយ​បណ្តា​ប្រទេស​នៅ​អាមេរិក​ខាងជើង និងទ្វីបអាស៊ី​-​ម​ជ្ឈឹ​ម​បូ​ព៌ាមាន​ចំណែក​ប្រមាណ​ជា ២% ​ដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន