ភ្ញៀវទេសចរ​បរទេស​ជាង ​១០០ ​សញ្ជាតិ​មកលេង​កំសាន្ត​កម្ពុជា​ បើទោះបីជាពិភពលោកកំពុងតែរាតត្បាត​ដោយសារតែ​ជំងឺ​កូ​វីដ-​១៩ ក៏ដោយ
ទេសចរណ៍ November 4, 2020 Chan Sreyny

​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជាជាង​ ១០០ សញ្ជាតិ​បាន​បន្ត​មក​កំសាន្ត​កម្ពុជា ទោះបីជា​ពិភពលោកកំពុងតែ​រាតត្បាត​ដោយសារតែ​ជំងឺ​កូ​វីដ-​១៩ ក៏ដោយ។

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិប្បរមា​ដោយសារតែ​វិបត្តិ​កូ​វីដ-​១៩ នេះ​ក៏ដោយចុះ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរបរទេស​ទាំងនោះគឺមាន​ប្រមាណ​ជាជាង​ ១០០ សញ្ជាតិ។ ភ្ញៀវទេសចរ​បរទេស​មកលេង​សរុប​នៅ​កម្ពុជា​នៅ​រយៈពេល ​៩​ ខែដំបូងនៃឆ្នាំ​ ២០២០ នេះគឺ​ធ្លាក់ចុះ​ ៧៤.១% ពោលគឺ​ថយចុះមក​នៅត្រឹមតែ ១,២៤៧,៦៨០ នាក់​ប៉ុណ្ណោះ។

​តួរ​លេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០% ទេប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេសហ្គា​ណាមួយ​គត់​ ដែល​ធ្លាក់ចុះ​ត្រឹមតែ ០.៨% ។​ ​ជាការ​ពិត​អ្នកទេសចរ​មកពី​ប្រទេស​នេះ​ គឺ​មិន​ច្រើន​ទេគឺ​ត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះកាលពី​ឆ្នាំ ​២០១៩ ហើយ​មកដល់ ៩ ខែនៃ​ឆ្នាំ ​២០២០ គឺ​បានមក​កម្ពុជា​ប្រមាណ​ជា ២៥៤ នាក់ដូច្នេះ​ភាគរយ​នៃ​ការ​ថយគឺ​ត្រឹមតែ ០.៨% ។

​ទាក់ទិន​នឹង​កូ​វីដ​-១៩ មកដល់ពេលនេះកម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​សរុប ២៩២ នាក់នៅក្នុង​នោះ​ពលរដ្ឋ​កម្ពុ​ជាមាន​ ១៨២នាក់ បារាំង ៤៥នាក់ ចិន ​១៨នាក់ ម៉ាឡេស៊ី​ ១៣នាក់ ឥណ្ឌូនេស៊ី​ ៩នាក់ អាមេរិក ៧នាក់ អង់គ្លេស ៦នាក់ វៀតណាម ៣នាក់ កាណាដា ​៣នាក់ បែ​ល​ហ្សិ​ក​ម្នាក់ ឥណ្ឌា​ ២នាក់ ក្រៅពីនោះគឺ​កា​ហ្សា​ក់​ស្ថាន ហុង​គ្រី និង ប៉ូឡូញម្នាក់ៗ។​

គួរឱ្យដឹងផងដែរថា ​នៅក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​គឺ ៩៦.៩២​% ជាសះស្បើយហើយ​សំខាន់​គឺ​កម្ពុជា​នៅ​មិនទាន់មាន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​នេះ​នៅឡើយ​ទេ​៕

ប្រភព៖ ក្រសួងព័ត៌មាន