លោក សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ពូជដំណាំរួមផ្សំទាំង ២៥ តោននោះរួមមាន៖ ស្ពៃជាច្រើនប្រភេទ ពោតដំណើប ត្រកួន សណ្តែកកួរ ល្ពៅ ត្រប់ ប៉េងប៉ោះ ត្រឡាច ននោង ម្រះ និងផ្ទី.សជាដើម។
លោកបន្តថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធបន្តចុះចែកគ្រាប់ពូជនេះនៅខេត្តមួយចំនួនរួចហើយ ដើម្បីឱ្យកសិករយកទៅបង្កបង្កើនផលទាន់ទឹកស្រកទៅវិញ។

ជាមួយគ្នានោះ ក្រុមការងារជំនាញរបស់មន្ទីរកសិកកម្មខេត្តទាំងអស់ ក៏បានចុះអប់រំណែនាំឱ្យប្រជាកសិករឱ្យបង្កើនការដាំបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ក្នុងសហគមន៍ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដំណាំរបស់កសិករដែលមានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមកមានទំហំ ៨០០០ហិកតា ដោយបានរងការខូចខាតស្ទើរទាំងស្រុង។ បច្ចុប្បន្ន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននឹងកំពុងបន្តចែកពូជបន្លែ និងពូជស្រូវដែលមានគុណភាពដល់កសិករដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន


