រដ្ឋាភិបាលឡាវ ប្រកាសថានឹងមិនទទួលយកប្រាក់កម្ចីពីបរទេសទៀតនោះទេ ដើម្បីជាមធ្យោបាយមួយក្នុងការដោះស្រាយបំណុលរបស់ប្រទេស
សេដ្ឋកិច្ច November 3, 2020 Khmernote

រដ្ឋាភិបាលឡាវបានប្រកាសថា ខ្លួននឹងគ្រប់គ្រង រួមទាំងដោះស្រាយបំណុលសាធារណៈតាមវិធីផ្សេងៗ ខណៈដែលខ្លួនព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ប្រទេស។ កាសែតភាសាអង់គ្លេស Vientiane Times បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានប្រាប់រដ្ឋសភានៅសប្តាហ៍មុនថា រដ្ឋាភិបាលនឹងមិនទទួលយកប្រាក់កម្ចីពីបរទេសទៀតនោះទេ ដើម្បីជាមធ្យោបាយមួយក្នុងការដោះស្រាយឱនភាពសារពើពន្ធ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Somdy Duangdy បានប្រាប់សភាថា រដ្ឋាភិបាលនឹងគ្រប់គ្រងបំណុលសាធារណៈស្របតាមច្បាប់ ខណៈពេលដែលកំពុងព្យាយាមកាត់បន្ថយឱនភាពសារពើពន្ធ។ រដ្ឋាភិបាលក៏នឹងពិនិត្យមើលមធ្យោបាយផ្សេងទៀតដើម្បីកាត់បន្ថយបន្ទុកបំណុលដូចជា ប្តូរបំណុលទៅជាដើមទុន លក់ទ្រព្យសម្បត្តិរដ្ឋ និងលក់ភាគហ៊ុននៅក្នុងសហគ្រាសរដ្ឋ ដោយសង្ឃឹមថាអាចដោះស្រាយបានគ្រប់គ្រាន់នូវបំណុល និងកាតព្វកិច្ចរបស់ប្រទេសនៅចុងឆ្នាំនេះ។

លោកបានបន្តថា សកម្មភាពទាំងនេះមានគោលបំណងលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេស និងកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស និងម្ចាស់ជំនួយ។ ទាក់ទងនឹងបំណុលដែលរដ្ឋាភិបាលជំពាក់ក្រុមហ៊ុនឯកជន ដែលបានអនុវត្ត និងផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ រដ្ឋាភិបាលនឹងខិតខំប្រមូលថវិកាពីប្រភពផ្សេងៗដើម្បីសងពួកគេ។ ទាំងនេះអាចត្រូវបានធ្វើដោយការចេញមូលបត្របំណុលរដ្ឋាភិបាល ឬ ផ្ទេរបំណុលទាំងនេះទៅធនាគារពាណិជ្ជកម្ម។

យោងតាមលោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា គម្រោងប្រហែល ១៨០ ដែលមានតម្លៃសរុប ១.៨៦ ទ្រីលានគីប (ប្រមាណជាង ២០០ លានដុល្លារ) នឹងទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមផ្តល់ប្រាក់បំណុលត្រីកោណរបស់រដ្ឋាភិបាល។ ខណៈនៅចុងឆ្នាំនេះបំណុលរដ្ឋាភិបាលនឹងមានចំនួន ៥៧៨.៣៥ ពាន់លានគីប (ប្រមាណជាង ៦២ លានដុល្លារអាមេរិក) នឹងត្រូវផ្ទេរទៅធនាគារពាណិជ្ជកម្ម។ ប្រការនេះអាចជួយឱ្យសហគ្រាសឯកជនរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងជំនះឧបសគ្គខាងសេដ្ឋកិច្ច។

ទោះបីរដ្ឋាភិបាលបានជួបប្រទះនូវបញ្ហាប្រឈមក្នុងការកៀរគរមូលនិធិដើម្បីសងបំណុល ដែលជំពាក់ម្ចាស់បំណុលក្នុងស្រុកនិងបរទេសក៏ដោយ ក៏រដ្ឋាភិបាលបានគ្រប់គ្រងដើម្បីដោះស្រាយបំណុលរបស់ខ្លួនជាមូលដ្ឋាន។ បើយោងតាមការត្រួតពិនិត្យសេដ្ឋកិច្ចឡាវរបស់ធនាគារពិភពលោកចេញផ្សាយក្នុងខែមិថុនា បំណុលសាធារណៈត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦៥ ទៅ ៦៨% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២០ ដែលធ្វើឱ្យប្រទេសឡាវប្រឈមនឹងហានិភ័យខ្ពស់នៃបំណុល។

គួរឲ្យដឹងផងដែរថា រោគរាតត្បាតមិនត្រឹមតែជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសឡាវ រួមទាំងទេសចរណ៍ ការវិនិយោគ និងការនាំចេញដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់របស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពលដល់សេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសឡាវផងដែរ។ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនេះកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលថវិកាពីដៃគូអភិវឌ្ឍន៍ដើម្បីសងបំណុលរបស់ខ្លួន៕

អត្ថប​ទ៖ លីនី
ប្រភព៖ vietnamplus