លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងទេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃអង្គារ ទី ០៣ ខែវិច្ឆិកានេះថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំបានស្រកជាបណ្ដើរៗហើយ។
គិតត្រឹមថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន ១៨,៨៥០ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន ១០,៣៣៥ហិកតាស្មើនឹង ១២,០៩៩គ្រួសារ ផ្ទៃដីអាចស្ដារឡើវិញបានចំនួន៦,៩៧៨ហិកតាស្មើនឹង ៥,៨៧៧គ្រួសារ។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងដែរថា ស្រុកបារាយណ៍ប៉ះពាល់ផ្ទៃដីចំនួន ៥៧៣ហិកតា ក្នុងនោះខូចខាតចំនួន ៥៣៤ហិកតា ផ្ទៃដីអាចស្ដារចំនួន ៥៣៤ហិកតា ស្រុកកំពង់ស្វាយប៉ះពាល់ផ្ទៃដីចំនួន ៣,១៧៤ហិកតា ខូចខាតអស់ចំនួន ២,២៥៦ហិកតា និងអាចស្ដារបានចំនួន ២,១០៤ហិកតា ក្រុងស្ទឹងសែនប៉ះពាល់ផ្ទៃដីចំនួន ២,៨៤១ហិកតា ក្នុងនោះខូចខាអស់ចំនួន ១,៧១១ហិកតា ផ្ទៃដីអាចស្ដារបានចំនួន ១,៧១១ហិកតា។
ស្រុកប្រាសាទបល្ល័ង្កប៉ះពាល់ផ្ទៃដីចំនួន ២,៨៦០ហិកតា ខូចខាតអស់ចំនួន ៧៤១ហិកតា ពុំអាចស្ដារឡើងវិញបានទេដោយគ្មានប្រភពទឹក ស្រុកប្រាសាទសំបូរប៉ះពាល់ផ្ទៃដីចំនួន ១,៣៣៥ហិកតា ខូចខាតអស់ចំនួន ១,០២៨ហិកតា ផ្ទៃដីអាចស្ដារបានចំនួន ១,០២៨ហិកតា ស្រុកសណ្តាន់ប៉ះពាល់ផ្ទៃដីចំនួន ១,៨០៥ហិកតា ខូចខាតចំនួន ៨៦៧ហិកតា និងអាចស្ដារឡើងវិញបានចំនួន ២៩៥ហិកតា ស្រុកសន្ទុកប៉ះពាល់ផ្ទៃដីចំនួន ១,៤៧៤ហិកតា ស្រុកស្ទោងប៉ះពាល់ផ្ទៃដីចំនួន ៤,៤៣៣ហិកតា ក្នុងនោះខូចខាតចំនួន ២,៩២៨ហិកតា និងផ្ទៃដីចំនួន ១,០៣៦ហិកតា អាចស្ដារឡើងវិញបាន ស្រុកតាំងគោគប៉ះពាល់ផ្ទៃដីចំនួន ៣៦៥ហិកតា ខូចខាតចំនូន ២៧០ហិកតា អាចស្ដារឡើងវិញបាន។

លោកប្រធានមន្ទីរកសិកម្មបានបន្តថា ក្នុងគ្រោះទឹកជំនន់នោះដែរមានដំណាំរួមផ្សំផ្សេងៗ និងបន្លែចំនួន ២៥៦ហិកតា បានប៉ះពាល់។ នៅខេត្តកំពង់ធំ បានបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សាចុងខែតុលា ឆ្នាំ២០២០ ដោយធ្វើបានចំនួន ២២៣,៧៨៥ហិកតា ស្មើនឹង ១០៤.៩២% នៃផែនការ ២១៣,៣០០ហិកតា ទាបជាងឆ្នាំមុនចំនួន ១,១០៥ហិកតា និងបានដាំដំណាំផ្សេងៗក្នុងរដូវវស្សាបានចំនួនជាង ៤៩,៥០០ហិកតា៕
ប្រភព៖ ក្រសួងព័ត៌មាន


