អាមេរិកប្រកាសដកហូតឯកសិទ្ធិពន្ធរបស់ថៃថែមទៀតប្រមាណ ៨១៧ លានដុល្លារក្នុងការនាំចេញជាមួយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ
សេដ្ឋកិច្ច November 3, 2020 Khmernote

យោងតាមប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងសេចក្តីប្រកាសមួយកាលពីចុងខែតុលា បានឱ្យដឹងថា ឯកសិទ្ធិពន្ធរបស់ថៃសម្រាប់ ៨១៧ លានដុល្លារក្នុងការនាំចេញជាមួយសហរដ្ឋអាមេរិកនឹងត្រូវដកហូតវិញនៅចុងឆ្នាំនេះ។ លោកប្រធានាធិបតីបានស្តីបន្ទោសលើកង្វះការរីកចម្រើនក្នុងការបើកទីផ្សារថៃទៅកាន់ផលិតផលសាច់ជ្រូករបស់សហរដ្ឋអាមេរិក។

លិខិតរបស់លោក Trump បានប្រកាសធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែង និងចរចាជាង ២ ឆ្នាំជាមួយមន្រ្តីថៃ ជុំវិញបញ្ហារាប់ចាប់ពីការចូលទៅកាន់ទីផ្សាររបស់ថៃសម្រាប់ទំនិញអាមេរិក និងឯកសារដែលបានចងក្រងជាឯកសារសិទ្ធិការងារមិនគ្រប់គ្រាន់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ហើយជាលទ្ធផលបច្ចុប្បន្ននេះទីក្រុងវ៉ាស៊ីនតោន នឹងលុបចោលអត្ថប្រយោជន៍ពន្ធមួយចំនួនសម្រាប់ប្រទេសថៃ ដោយចោទប្រកាន់ប្រទេសនេះថា មិនបានអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកពីអ្នកផលិតអាមេរិក។

ការផ្អាកការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធទូទៅបានធ្វើឡើងបន្ទាប់ពីមានការផ្អាកកាលពីដើមឆ្នាំនេះលើការនាំចូលមានតម្លៃប្រមាណ ១.៣ ពាន់លានដុល្លារពីប្រទេសថៃ ដែលធ្លាប់មានឯកសិទ្ធិបែបនេះសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃប្រហែល ៤.៤ ពាន់លានដុល្លារ។ សរសេរទៅកាន់ប្រធានសភាលោក Nancy Pelosi ប្រធានាធិបតី Trump បានមានប្រសាសន៍ថា៖ « ខ្ញុំបានប្តេជ្ញាចិត្តបែបនេះ ព្រោះប្រទេសថៃមិនបានធានាដល់សហរដ្ឋអាមេរិក ដូចដែលប្រទេសថៃថាខ្លួននឹងផ្តល់នូវការចូលទៅកាន់ទីផ្សាររបស់ខ្លួនប្រកបដោយសមធម៌ និងសមហេតុផលនោះទេ »។

យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា បញ្ជីផលិតផលរួមមាន ស្វាយ ម្នាស់ ឧបករណ៍ធ្វើពីដែក បំពង់ដែក និងត្បូងមានតម្លៃ គ្រឿងបន្លាស់រថយន្ត ផលិតផលស្ងួត ផលិតផលអគ្គិសនីផលិតផលផ្ទះបាយ និងអាលុយមីញ៉ូម។ គួរបញ្ជាក់ផងដែរថា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកក៏បានប្រកាសផងដែរថា ខ្លួនបានបិទការពិនិត្យសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធដទៃទៀត ដោយមិនបាត់បង់ផលប្រយោជន៍សម្រាប់ប្រទេស ហ្សកហ្ស៊ី (Georgia) ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថាន៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger