ក្រុមហ៊ុននាំចេញអង្ករថៃ នឹងទទួលបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលសម្រេចធ្វើរឿងមួយនេះ
សេដ្ឋកិច្ច November 3, 2020 Khmernote

នាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា អ្នកនាំចេញអង្ករថៃនឹងទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រេស៊ីលចាប់តាំងពីខែកញ្ញា ដើម្បីកាត់បន្ថយពន្ធនាំចូលលើស្រូវ និងអង្ករដល់សូន្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Natio Thailand កាលពីពេលថ្មីៗនេះ។

លោក Kirati Ratchano អគ្គនាយកនៃអគ្គនាយកដ្ឋាននេះបានពន្យល់ថា ក្រុមប្រឹក្សាសភាពាណិជ្ជកម្មបរទេសបានប្រកាសចាប់តាំងពីចុងខែកញ្ញាថា ពន្ធសូន្យនឹងត្រូវអនុវត្តលើស្រូវ និងអង្ករចាប់ពីថ្ងៃទី ១១ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែធ្នូ។ លោកបានបន្ថែមថា វិធានការណ៍នេះគឺដើម្បីធានាស្ថិរភាពស្បៀងអាហារនៅក្នុងប្រទេសប្រេស៊ីលចំពេលមានវិបត្តិ Covid-19 ។

ជាលទ្ធផលជាក់ស្ដែងនៅក្នុងខែកញ្ញា និងខែតុលា ការនាំចេញអង្កររបស់ថៃទៅកាន់ប្រទេសប្រេស៊ីលមានចំនួនសរុប ២៨,១៦៣ តោន ពោលគឺច្រើនជាង ៤៣៣ តោនដែលបាននាំចេញក្នុងឆ្នាំ២០១៩ ដែលមានតម្លៃ ១២,៥៥ លានដុល្លារ (៣៩០ លានបាត)។ គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២០ នេះ ការនាំចេញអង្កររបស់ប្រទេសថៃមិនសូវជាល្អប្រពៃដូចឆ្នាំមុនៗនោះទេ ដោយសារគ្រោះរាំងស្ងួត តម្លៃប្រាក់បាតឡើងខ្ពស់ ដែលជាមូលហេតុធ្វើឲ្យតម្លៃអង្ករខ្ពស់ជាងគូប្រកួតប្រជែង៕

អត្ថបទ៖ លីនី
ប្រភព៖nationthailand