រយៈពេល ៤ថ្ងៃនាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះមានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០នាក់។ ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តសៀមរាប ១៦៧,២២៥នាក់, ខេត្តកំពត ៧៣,៥៩២នាក់, ខេត្តព្រះសីហនុ ៥៤,៤០០នាក់, ខេត្តកណ្តាល ៥១,៨៦២នាក់, ខេត្តកំពង់ស្ពឺ ៤៣,២៤៤នាក់, ខេត្តកែប ៣៨,៥៥៨នាក់, ខេត្តកោះកុង ២៨,២៧៥នាក់ និងខេត្តមណ្ឌលគិរី ២២,០២៣នាក់។

ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃក្រសួងបានសង្កេតឃើញថា លើកនេះដោយសារផលវិបាកពីគ្រោះទឹកជំនន់តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើនមានការថមថយចំនួន ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរីក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។

ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះ មានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំគឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈរីឯកាលភ្ជុំបិណ្ឌគឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល ម្យ៉ាងទៀតដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។

ចំពោះការចំណាយតាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិតដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារតាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩ នេះ។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ ដោយឡែក បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាមត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ។

ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី-ខេត្ត៕
ប្រភព៖ ក្រសួងព័ត៌មាន


