ខណៈពេលដែលពិភពលោក កំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ មកដល់ពេលនេះកម្ពុជាមិនបានបិទចរាចរណ៍ផ្លូវអាកាសម្តងណាឡើយ គ្រាន់តែរឹតបន្តឹងហើយចេញបម្រាមចំពោះគោលដៅមួយចំនួនតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍ដែលប្រមូល និងផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ចរាចរណ៍ផ្លូវអាកាសកម្ពុជានៅតែដំណើរការដោយមានភ្ញៀវធ្វើដំណើរចេញ និងចូលជាបន្តបន្ទាប់គ្រាន់តែធ្លាក់ចុះប៉ុណ្ណោះ ។

ប្រភពដដែលបានអះអាងថា នៅក្នុងអំឡុងពេល ៩ ខែ ឆ្នាំ ២០២០ នេះពលរដ្ឋកម្ពុជាដែលបានចេញដំណើរទៅក្រៅប្រទេសគឺនៅតែមាន ដោយមានចំនួនប្រមាណជា ៣១៧,៥០២ នាក់ ពោលគឺធ្លាក់ចុះប្រមានជា ៧៩.៣% ដោយឡែកភ្ញៀវបរទេសដែលចេញពីកម្ពុជាគឺមានប្រមាណជា ១.៣ លាននាក់ ធ្លាក់ចុះ ៧២% ។

ប្រភពដដែលបានបន្តទៀតថា សម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរចូលស្រុកវិញតាមផ្លូវអាកាសនៅក្នុងរយៈពេលដដែលនេះ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញគឺមាន ១.១២ លាននាក់ ធ្លាក់ចុះ ៣៧.៣% ភ្ញៀវបរទេសមកគឺមានចំនួន ៨៥១,៤៣៩ នាក់ធ្លាក់ចុះ ៧៣% ។ តាមអាកាស យានយន្ដអន្តរជាតិសៀមរាប គឺភ្ញៀវខ្មែរមានចំនួន ៥០២,៧៤១ នាក់ធ្លាក់ចុះ ៦៧.២% និងបរទេស មានចំនួន ៣៩៦,២៤១ នាក់ធ្លាក់ចុះ ៧៦.២% ។

ប្រភពដដែលបានបន្តថា សរុបទៅអ្នកដំណើរដែលបានមកដល់កម្ពុជាតាមផ្លូវអាកាសជាពលរដ្ឋកម្ពុជា គឺមានចំនួន ៤.៤៣ លាននាក់ធ្លាក់ចុះ ៣២.៦% និង បរទេសត្រឹមតែ ១.៦០ លាននាក់ធ្លាក់ចុះ ៧២.៣% ៕
ប្រភព៖ ក្រសួងព័ត៌មាន


