លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ដែលមកពីរាជធានី ខេត្ត ក្រុង ស្រុក សរុបប្រមាណជា ១៤៧,០៧១នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន១,០៧១នាក់ បានថយចុះ ៩៣.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ មានចំនួន ១៦,១៣៨នាក់ ហើយចំពោះភ្ញៀវជាតិមានប្រមាណជា ១៤៦,០០០នាក់។
ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ភ្ញៀវទេសចរទាំងនេះបានទៅទស្សនាប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ និងតាមតំបន់រមណីយដ្ឋាន តាមសហគមន៍នានាក្នុងខេត្តសៀមរាប មានដូចជា ឧទ្យានជាតិភ្នំគូលែន, សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍, សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ, សហគមន៍ត្រាវកុដិ, សហគមន៍បឹងឈូកបន្ទាយស្រី, និងរមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាដើម។

ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស ហើយជាក់ស្ដែងខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ៕


អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


