លោក Tan See Leng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបាននិយាយនៅថ្ងៃទី ២៦ ខែតុលាថា ប្រទេសសឹង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ថៃ និងម៉ាឡេស៊ី ក្នុងកិច្ចប្រជុំអាស៊ាននៅខែក្រោយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន។
លោក Tan បាននិយាយនៅក្នុងសុន្ទរកថាមួយថា អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងសមាហរណកម្មថាមពលឡាវ – ថៃ – ម៉ាឡេស៊ី – សិង្ហបុរី (LTMS-PIP) ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅឯកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៨ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសវៀតណាមនៅពាក់កណ្តាលខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំកំពូលថាមពលសិង្ហបុរីដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ខែកញ្ញាឆ្នាំ ២០១៩ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) គម្រោងសមាហរណកម្មថាមពលឡាវ – ថៃ – ម៉ាឡេស៊ី – សិង្ហបុរី (LTMS-PIP) បច្ចុប្បន្នពាក់ព័ន្ធនឹងការលក់ថាមពលអគ្គិសនីពីប្រទេសឡាវទៅប្រទេសម៉ាឡេស៊ី ដោយប្រទេសថៃដើរតួជាប្រទេសឆ្លងកាត់។ (IEA) បាននិយាយនៅក្នុងរបាយការណ៍ថា ការបង្កើតការធ្វើពាណិជ្ជកម្មថាមពលពហុភាគីនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាស៊ានទាញយកប្រយោជន៍ពីសក្តានុពលនៃប្រព័ន្ធថាមពលអាស៊ានដែលរួមបញ្ចូលទាំងការចំណាយថយចុះ និងការបង្កើនសមត្ថភាពក្នុងការបញ្ចូលធនធានថាមពលកកើតឡើងវិញ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានដកស្រង់របាយការណ៍ចក្ខុវិស័យថាមពលអាស៊ានដែលនឹងត្រូវចេញផ្សាយនៅខែក្រោយដោយនិយាយថា មជ្ឈមណ្ឌលថាមពលអាស៊ានបានព្យាករណ៍ថា តម្រូវការថាមពលក្នុងតំបន់នឹងកើនឡើងជាង ៧០% នៅចន្លោះឆ្នាំ ២០២០ និង ២០៤០ ។ លោកបានមានប្រសាសន៍ថា ដើម្បីធានាបាននូវថាមពលនាពេលអនាគតប្រកបដោយនិរន្តរភាពប្រទេសជាសមាជិកទាំង ១០ បានព្រមព្រៀងគ្នាកាត់បន្ថយអាំងតង់ស៊ីតេថាមពល និងបង្កើនផលប័ត្រដែលអាចកកើតឡើងវិញនៅក្នុងការបញ្ចូលថាមពលរបស់ពួកគេ។ លោករដ្ឋមន្រ្តីបានបន្ថែមថានៅក្នុងអាស៊ានក៏មានការពិភាក្សាយ៉ាងទូលំទូលាយផងដែរ ដើម្បីជំរុញការប្រើប្រាស់ឧស្ម័នធម្មជាតិតាមរយៈទីផ្សារដែលមានការសម្របសម្រួល និងផ្សារភ្ជាប់ក្នុងតំបន់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


