ជប៉ុនផ្តល់ថវិកាជាង ២០ លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងកែលំអមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប
សេដ្ឋកិច្ច October 28, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចពង្រីកជំនួយឥតសំណងចំនួន ២០.៥៥ លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកនៅខេត្តសៀមរាប។

JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះនៅថ្ងៃទី ២៦ ខែតុលា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA គម្រោងនេះ នឹងប្រព្រឹត្តទៅចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣ ។

គម្រោងដែលមានរយៈពេល ២ ឆ្នាំ មានគោលបំណងដើម្បីស្តារនីតិសម្បទាមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យស្រុកចំនួន ៤ និងធ្វើឱ្យប្រសើរឡើងនូវបរិក្ខាពេទ្យនៅក្នុងមន្ទីរពេទ្យទាំងនេះ ដែលអាចរួមចំណែកដល់ការកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកវិសាលភាពគ្របដណ្តប់សុខភាពនៅក្នុងតំបន់ក្រោមកិច្ចសហការរវាងក្រសួង ការិយាល័យសុខភាព និង JICA ប្រចាំនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន