រដ្ឋាភិបាលថៃចំណាយថវិកាអស់ជាង ៧ លានដុល្លារក្នុងរយៈពេល ៣ថ្ងៃទៅលើការឧបត្ថម្ភធនដល់ប្រជាពលរដ្ឋដែលមានចំណូលទាប
សេដ្ឋកិច្ច October 27, 2020 Chan Sreyny

យោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ជិត ៩.២៥ លាននាក់នៃប្រជាជនគោលដៅចំនួន ១០ លាននាក់បានចុះឈ្មោះសម្រាប់គម្រោង « Kon La Khreung »។

កញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល ៣ ខែដើម្បីជំរុញការចំណាយក្នុងចំណោមប្រជាជន ដែលមានចំណូលទាបត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែតុលា។ ស្ថិតក្រោមគម្រោងនេះ មនុស្សរហូតដល់ ១០ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចទទួលបានការបញ្ចុះតម្លៃប្រចាំថ្ងៃរហូតដល់ ១៥០ បាតលើអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ (មិនរាប់បញ្ចូលភេសជ្ជៈមានជាតិអាល់កុល ថ្នាំជក់ ឬឆ្នោតឡូតូ) ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានកំណត់ត្រឹម ៣,០០០ បាតសម្រាប់មនុស្សម្នាក់ក្នុងមួយខែ។

ក្នុងរយៈពេល ៣ ថ្ងៃនៃការបើកដំណើរការគម្រោងនេះ ប្រជាជន ១,២៤៥,៥២៨ នាក់បានទទួលការឧបត្ថម្ភធនដោយចំណាយសរុបចំនួន ៥០២.៩ លានបាតដែលមានចំនួន ២៥៩.៤ លានបាតត្រូវបានចំណាយដោយប្រជាជន និងរដ្ឋាភិបាលដែលបានចូលរួមវិភាគទានចំនួន ២៤៣.៥ លានបាត។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បាននិយាយថា ការចំណាយជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងមួយដងគឺ ២៣៤ បាត។ ការចំណាយភាគច្រើន គឺនៅតាមហាង Blue Flag ភោជនីយដ្ឋាន ហាងទំនិញទូទៅ និងហាង OTOP ។

គួរឱ្យដឹងផងដែរថា កញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល ៣ ខែដែលមានឈ្មោះថា « Kon La Khreung » បង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand