វីរុសកូវីដ-១៩ បានវាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ហើយនៅកម្ពុជាក្រៅពីសេដ្ឋកិច្ច វិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយរបស់ប្រទេសក៏ត្រូវរងផលប៉ះពាល់ខ្លាំងជាងវិស័យនានា។ ជាមួយគ្នានេះយោងតាមអ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជាអាចនឹងប្រើពេលចាប់ពី ៣ ទៅ ៥ឆ្នាំ ដើម្បីវិលត្រលប់មកសភាពធម្មតាឡើងវិញ។
ការវាយតម្លៃរបស់អ្នកជំនាញនេះត្រូវបានឲ្យដឹងតាមរយៈ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់ការ Pre-Recovery។ អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងសេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)។

ទន្ទឹនឹងនេះដែរ តាមការព្យាករណ៍នៅឆ្នាំ២០២០ នេះ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩ ខណៈទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩។ ហើយទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់។
គួរបញ្ជាក់ផងដែរ វីរុសកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍កម្ពុជា ដែលបណ្ដាលឲ្យអាជីវកម្មតូច ធំ ជាច្រើនត្រូវបិទទ្វារ បុគ្គលិកក្នុងវិស័យនេះរាប់ពាន់នាក់ត្រូវបាត់បង់ការងារ ជាពិសេសធ្វើឲ្យរដ្ឋបាត់បង់ចំណូលមួយផ្នែកធំ ដោយសារតែចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុកជាបន្តបន្ទាប់៕

អត្ថបទ៖ លីនី


