មីយ៉ាន់ម៉ា បន្ថែមបម្រាមលើជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងការចេញទិដ្ឋាកាគ្រប់ប្រភេទរហូតដល់ដំណាច់ខែវិច្ឆិកា
សេដ្ឋកិច្ច October 27, 2020 Chan Sreyny

ប្រទេសមីយ៉ាន់ម៉ា បានបន្ថែមបម្រាមលើជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងការចេញទិដ្ឋាកាគ្រប់ប្រភេទរហូតដល់ដំណាច់ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 មុនពេលមានការបោះឆ្នោត។

ក្រសួងដឹកជញ្ជូន និងគមនាគមន៍មីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ទី ២៦ ខែតុលាថា ការហាមឃាត់ការចូលរបស់ជនបរទេសតាមព្រំដែនគោក នឹងត្រូវបានពន្យារពេលមួយខែទៀត។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ា ក៏បានបន្ថែមបម្រាមលើជើងហោះហើរក្នុងស្រុករយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។

គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានបិទទ្វារភាគច្រើននៃខេត្ត Yangon ដែលជាទីក្រុងធំបំផុតរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ប៉ុន្តែបានបន្ធូរបន្ថយការហាមឃាត់ការប្រមូលផ្តុំគ្នាជាសាធារណៈកាលពីថ្ងៃអាទិត្យ ទី ២៥ ខែតុលា ដើម្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការមុនពេលប្រជាជាតិនានាទៅបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost