អ៊ីតាលីបញ្ជារឱ្យបារ និងភោជនីយដ្ឋាននានាបិទទ្វារ ខណៈពេលដែលអត្រាឆ្លងជំងឺ Covid-19 កើនឡើងម្ដងទៀត
សេដ្ឋកិច្ច October 27, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ ប្រទេស​អ៊ីតាលីបានបញ្ជាឱ្យបារ និងភោជនីយដ្ឋានបិទនៅម៉ោង ៦ ល្ងាច និងបិទកន្លែងហាត់ប្រាណ រោងកុន និងអាងហែលទឹកដើម្បីព្យាយាមបញ្ឈប់ការកើតឡើងជាថ្មីនៃជំងឺ Covid-19 ដែលបានជំរុញអត្រាឆ្លងប្រចាំថ្ងៃទៅក្នុងកំណត់ត្រាថ្មី។

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បាននិយាយថា វិធានការណ៍នេះមានគោលបំណងការពារទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ច ហើយការកើនឡើងនៃការរីករាលដាលនៃជំងឺរាតត្បាតគួរតែអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

លោក Conte បានប្រាប់សន្និសីទសារព័ត៌មានថា « យើងគិតថាយើងនឹងរងទុក្ខបន្តិចក្នុងខែនេះ ប៉ុន្តែតាមរយៈការរឹតត្បិតទាំងនេះ យើងនឹងអាចសកម្មភាពម្តងទៀតនៅខែធ្នូ » ដោយលោកសន្យាថា វិស័យដែលរងការវាយប្រហារនឹងត្រូវទទួលបានសំណង។ ខណៈពេលដែលអ៊ីតាលី ជាប្រទេសមួយដែលរងការវាយប្រហារពីជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប។

វិធានការណ៍នេះ គឺហាមឃាត់ប្រជាជនមិនឱ្យចេញទៅខាងក្រៅ និងកំណត់ទំនាក់ទំនងជាមួយអ្នកណាម្នាក់ក្រៅពីក្រុមគ្រួសារ ប៉ុន្តែមិនដាក់បំរាមគោចរនៅទូទាំងប្រទេសទេ ហើយអនុញ្ញាតឱ្យហាង និងអាជីវកម្មភាគច្រើននៅតែបើកដំណើរការ។

ទោះជាយ៉ាងណា ការបិទបារ និងភោជនីយដ្ឋាននឹងត្រូវគ្រប់គ្រងជាបន្តបន្ទាប់ ដើម្បីកំណត់ការឆ្លង ខណៈរោងភាពយន្ត និងរោងមហោស្រពក៏ដូចជាពិព័រណ៍ពាណិជ្ជកម្មនឹងត្រូវបិទទ្វារ។ គួរឱ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យ ទី ២៥ ខែតុលា អាជ្ញាធរអ៊ីតាលីបានរាយការណ៍នូវកំណត់ត្រាឆ្លងជំងឺ Covid-19 ថ្មីសរុបចំនួន ២១.២៧៣ ករណី និងស្លាប់ចំនួន ១២៨ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia