យោងតាមកាសែតជាភាសាអង់គ្លេសរបស់ឡាវ Vientiane Times បានចុះផ្សាយនៅថ្ងៃទី ២៦ ខែតុលាថា រដ្ឋាភិបាលឡាវកំពុងបើកការឆ្លងកាត់ព្រំដែនតាមតំបន់ និងព្រំដែនធំៗមួយចំនួនជាបណ្តោះអាសន្ន ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លងរាលដាល។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យមានតុល្យភាពនៃការដាក់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសវីរុសcovid-19 ជាមួយនឹងការបន្ធូរបន្ថយការរឹតត្បិត ដើម្បីឱ្យអាជីវកម្មអាចនាំចូល និងនាំចេញទំនិញបាន នេះបើយោងតាមការដកស្រង់របស់ Vientiane Times ពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឡាវ។

ជាមួយគ្នានេះដែរ ការដកការរឹតបន្តឹងជាក់លាក់នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តចំនួន ៤ ក្នុងប្រទេសឡាវ និងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីវកម្មកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ពួកគេនិងជំនះឧបសគ្គដែលកំពុងប្រឈមមុខ និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញផងដែរ។

ច្រកដែលបានបើករួមមានច្រកព្រំដែនក្នុងស្រុក Nongmar នៅខេត្ដ Khammuan ,ព្រំដែន Thasa-ath ក្នុងខេត្ត Borikhamxay និងព្រំដែននៅ Ban Vang ក្នុងខេត្ត Vientiane , Panghay ក្នុងខេត្ត Luang Namtha ។ គួរកត់សម្គាល់ថា ការឆ្លងកាត់ព្រំដែន Panghay នឹងបើកដំណើរការវិញចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំក្រោយដើម្បីជួយដល់ពាណិជ្ជកម្មរវាងប្រទេសឡាវ និងចិន។

នៅក្នុងប្រទេសឡាវទំនិញត្រូវបាននាំចូល និងនាំចេញជាចម្បងតាមរយៈច្រកទ្វារអន្តរជាតិដែលបំពាក់ដោយគ្រឿងបរិក្ខារចាំបាច់ និងបុគ្គលិកដើម្បីពិនិត្យ និងកំណត់អត្តសញ្ញាណនរណាម្នាក់ដែលផ្ទុកវីរុស។ រហូតមកដល់ពេលនេះប្រទេសឡាវបានរាយការណ៍ថាមានករណីកូវីដ១៩ ចំនួន ២៤ ករណី ដោយពុំមានអ្នកស្លាប់ឡើយ៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


