លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូនចា បានបញ្ជាឲ្យក្រសួងសុខាភិបាលធ្វើការរៀបចំ ដើម្បីឲ្យប្រជាជនអាចទទួលបានការព្យាបាលនៅគ្រប់មន្ទីរទាំងអស់ ក្រោមគម្រោងថែទាំសុខភាពថ្មី តម្លៃ ៣០បាត ឬអាចហៅថា (ប័ណ្ណមាស) នេះបើយោងតាមអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងអាទិត្យ។
បើយោងតាមសារព័ត៌មាន Bangkok Post គម្រោងថែទាំសុខភាពតម្លៃ ៣០បាត ត្រូវបានអនុម័តដោយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងឆ្នាំ២០០១ ហើយបានមួយឆ្នាំក្រោយមកត្រូវបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស ដោយកាលពីមុនមានមនុស្ស ២០ លាននាក់ មិនបានទទួលគម្រោងថែទាំសុខភាពណាមួយ ចូលក្នុងបណ្តាញសុវត្ថិភាពសង្គមនោះទេ។

ប្រភពដដែលបានបន្តថា ក្រោមកម្មវិធីនេះប្រជាជនថៃគ្រប់រូបអាចត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាវេជ្ជសាស្ត្រក្នុងតម្លៃ ៣០បាត នៅពេលទៅមន្ទីរពេទ្យនីមួយៗ។ រដ្ឋាភិបាលចំណាយថវិកាទៅតាមកន្លែងនីមួយៗ ក្នុងមួយឆ្នាំៗ ដោយផ្អែកលើចំនួនមនុស្សចុះឈ្មោះដើម្បីប្រើប្រាស់។ ដំបូងគម្រោងនេះដំណើរការបានល្អ ដោយសារការចំណាយថវិកាភាគច្រើនរបស់ផ្នែកវិជ្ជាជីវៈវេជ្ជសាស្រ្ត គឺទៅក្រសួង និងមន្ទីរពេទ្យរដ្ឋ ទៅ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) ដែលនេះជាថ្នូរនឹងការបង់ប្រាក់ឱ្យពួកគេតាមចំនួនអ្នកជំងឺដែលពួកគេបានព្យាបាល។ ប៉ុន្តែក្រោយមកគម្រោងនេះមានបញ្ហា ដោយសារការរាំងស្ទះដូចការវិវឌ្ឍន៍ភាគច្រើននៅក្នុងប្រទេសថៃក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មាននិន្នាការនយោបាយមួយចំពោះការខ្វែងគំនិតគ្នា។

យ៉ាងណាមិញ ក្រលេកមកមើលគម្រោងថែទាំសុខភាពថ្មីតម្លៃ ៣០បាត ត្រូវបានធ្វើឱ្យប្រសើរឡើងដោយមានជម្រើស ៤ យ៉ាង៖
១.ប្រជាជនបាងកកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម អាចទទួលការព្យាបាលនៅតាមមណ្ឌលថែទាំបឋម ដែលមានទីតាំងនៅក្នុងស្រុកដែលពួកគេរស់នៅចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។ អ្នកជំងឺអាចធ្វើការណាត់ជួបតាមរយៈកម្មវិធីស្មាតហ្វូន Paotang ខណៈពេលដែលសេវាកម្មនេះនឹងត្រូវបានពង្រីកដល់អ្នកជំងឺទាំងអស់នៅដំណាក់កាលបន្ទាប់។
២.អ្នកជំងឺនៅក្នុងគម្រោងថែទាំសុខភាពថ្មីតម្លៃ ៣០បាតនេះ អាចទទួលការព្យាបាលនៅមន្ទីរពេទ្យដោយមិនប្រើទម្រង់បែបបទផ្ទេរអ្នកជំងឺ។ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) នឹងបង្កើតប្រព័ន្ធអនឡាញដើម្បីភ្ជាប់ទិន្នន័យរបស់អ្នកជំងឺរវាងគ្លីនិកនិងមន្ទីរពេទ្យ។
៣.អ្នកកាន់ប័ណ្ណមាសអាចផ្លាស់ប្តូរអង្គភាពថែទាំបឋមដែលពួកគេចង់ទទួលការព្យាបាលដោយមិនចាំបាច់រង់ចាំ ១៥ ថ្ងៃ។ ជំរើសនេះមានគោលបំណងជួយសម្រួលដល់អ្នកដែលត្រូវរើផ្ទះ។
៤.អ្នកជម្ងឺមហារីកអាចទទួលការព្យាបាលនៅតាមមន្ទីរពេទ្យដែលមានឯកទេសក្នុងការផ្តល់នូវពិធីការព្យាបាលជំងឺមហារីកដូចជា telehealth, telepharmacy និងការព្យាបាលបែបគីមីនៅផ្ទះ។ នៅពេលអង្គភាពសង្គ្រោះបឋមបញ្ជូនទិន្នន័យអ្នកជម្ងឺមហារីកទៅ (NHSO) ការិយាល័យនឹងផ្តល់ជូនមន្ទីរពេទ្យដែលមិនមានកន្លែងសម្រាប់អ្នកជំងឺ ដើម្បីឱ្យពួកគេអាចទទួលការព្យាបាលបានឆាប់៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand bangkokpost


