ចិន ប្រកាសហាមឃាត់ការធ្វើដំណើរទេសចរណ៍ជាក្រុមរបស់ប្រជាជនទាំងក្នុង និងក្រៅប្រទេស ខណៈប្រទេសថៃរំពឹងយ៉ាងខ្លាំងទៅលើភ្ញៀវទេសចរចិន
ទេសចរណ៍ October 24, 2020 Khmernote

អាជ្ញាធរចិនបាននិយាយថា ប្រទេសចិននឹងបន្តផ្អាកដំណើរទេសចរណ៍ជាក្រុម និងហាមឃាត់ទីភ្នាក់ងារទេសចរណ៍ពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្តក្នុងប្រទេស ដោយសារតែហានិភ័យនៃការកើតឡើងជាថ្មីនៃករណីវីរុស Covid-19 នៅក្នុងរដូវរងារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឲ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានធ្វើការប្រកាសនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធ។ ការដាក់បម្រាមលើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃជាដើម ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានផ្អាកដំណើរទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេសជាលើកដំបូងនៅក្នុងខែមករា ដែលជាផ្នែកមួយនៃវិធានការណ៍ត្រួតពិនិត្យការរាតត្បាតរាតត្បាតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ដែលបានលេចចេញជាលើកដំបូងនៅកណ្តាលទីក្រុង Wuhan ។ ទោះយ៉ាងណាចាប់តាំងពីខែកក្កដា ប្រទេសចិនបានអនុញ្ញាតឱ្យបើកដំណើរទេសចរណ៍ក្នុងស្រុកចាប់ផ្តើមឡើងវិញ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនករណីថ្មី៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost