យោងតាមក្រសួងដឹកជញ្ជូនថៃបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ១០ បានចាប់ផ្ដើមលក់សំបុត្រទៅប្រទេសថៃ ហើយក្រុមភ្ញៀវទេសចរពិសេសទី១ បានចុះចតនៅទីក្រុងបាងកកកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅថ្មីៗនេះ។ តាមសារព័ត៌មាន The Nation Thailand ក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រទៅប្រទេសថៃមានដូចជា Emirates, Qatar Airways, Etihad Airways, Cathay Pacific, Singapore Airlines, Lufthansa, Swissair, Austria Airlines, EVA Air និង KLM ។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា រាល់ការមកដល់របស់ជនបរទេសទាំងអស់ នឹងតម្រូវឲ្យអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 រួមទាំងការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នៅក្នុងកន្លែង សម្រាប់ធ្វើចត្តាឡីស័កនានា ដែលកំណត់ដោយរដ្ឋ (ASQ)។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃបានប្រកាសថា ប្រទេសថៃបានបើកជើងមេឃរបស់ខ្លួន ប៉ុន្តែជើងហោះហើរត្រូវបានអនុញ្ញាតឲ្យចុះចតក្រោមបទប្បញ្ញត្តិតឹងរឹងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ថៃ មិនទាន់់ស្វែងរក ការអនុញ្ញាតសម្រាប់ទិសដៅអន្តរជាតិនៅឡើយទេ ខណៈអាកាសយានដ្ឋាននៅក្រៅប្រទេស បើកទ្វារក្រោមលក្ខខណ្ឌដែលនឹងមិនផ្ដល់ប្រាក់ចំណេញគ្រប់គ្រាន់៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand