ប្រទេសជប៉ុន នឹងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់ឥណ្ឌូណេស៊ីចំនួន ៥០ ពាន់លានយ៉េន (៤៧៣ លានដុល្លារ) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ។
យោងតាមសារព័ត៌មាន KYODO NEWS បានរាយការណ៍ថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីឥណ្ឌូនេស៊ី នៅប្រទេសឥណ្ឌូនេស៊ី។

លោក Suga បាននិយាយថា លោកក៏បានយល់ព្រមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ផងដែរ ដើម្បីចាប់ផ្តើមការពិភាក្សាស្តីពីការបន្តការធ្វើដំណើរអាជីវកម្មរវាងប្រទេសទាំងពីរ និងដើម្បីធ្វើកិច្ចចរចាសន្តិសុខរវាងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស។

គួរឱ្យដឹងផងដែរថា លោក Suga បានទៅដល់ទីក្រុង Jakatar ប្រទេសឥណ្ឌូនេស៊ីនៅពេលរសៀល បន្ទាប់ពីលោកបានជួបជាមួយសមភាគីវៀតណាមលោក Nguyen Xuan Phuc នៅថ្ងៃទី ១៩ ខែតុលា។ ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោក Suga ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ធ្វើឡើង ខណៈពេលដែលលោក Suga កំពុងធ្វើការដើម្បីលើកកម្ពស់ចក្ខុវិស័យសេរី និងបើកទូលាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ជប៉ុន៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


