កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ២% ទៅ ៣% នៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង ៧.០២% នៅក្នុងឆ្នាំ ២០១៩ ដោយសារតែផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 និងគ្រោះធម្មជាតិ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។
លោក Nguyen Xuan Phuc បាននិយាយថា « ការរាលដាលនៃជំងឺរាតត្បាតនេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជន »។ លោក Nguyen Xuan Phuc បានបន្ថែមថា « យើងបានធ្វើការងារយ៉ាងល្អក្នុងការទប់ស្កាត់ជំងឺរាតត្បាត ដែលបានត្រួសត្រាយផ្លូវសម្រាប់ធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ »។

ទោះជាយ៉ាងណា វៀតណមបានប្រឈមមុខនឹងគ្រោះធម្មជាតិនាពេលថ្មីៗនេះ ដោយទឹកជំនន់ និងការរអិលបាក់ដីក្នុងខែតុលា បានសម្លាប់មនុស្ស ១០៥នាក់ និង ២៧នាក់ ផ្សេងទៀតបានបាត់ខ្លួននៅខេត្តភាគកណ្តាលប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរឱ្យដឹងផងដែរថា វៀតណាមកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំក្រោយ ហើយកំណើនប្រចាំឆ្នាំជាមធ្យមពី ៦.៥% ទៅ ៧% សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


