ក្រសួងកសិកម្ម ត្រៀមបញ្ចេញគ្រាប់ពូជស្រូវ និងដំណាំផ្សេងៗជាង ១៨០០តោន ជូនដល់កសិករយកទៅដាំដុះឡើងវិញ ក្រោយរងផលប៉ះពាល់ពីគ្រោះទឹកជំនន់
សេដ្ឋកិច្ច October 20, 2020 Chan Sreyny

យោងតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងបានត្រៀមពូជស្រូវ និងដំណាំផ្សេងៗទៀត ដែលមានគុណភាពខ្ពស់ចំនួន ១៨១៦ តោនសម្រាប់ផ្ដល់ជូនប្រជាកសិករដែលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងនៅសល់ពូជស្រូវប្រមាណជា ១៨០០តោន និងពូជបន្លែប្រមាណជា ១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារធ្វើឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល នៅពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង ដោយត្រៀមចែកចាយទៅតាមបណ្តាខេត្តគោលដៅនានា។ បន្ថែមពីនេះ ឯកឧត្តមបានបន្តថា ក្រសួងបានរៀបចំបណ្តាញដែលមានជំនាញតាមរយៈគម្រោងនានា ពិនិត្យមើលតើតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ឬ តំបន់នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារជីវភាពឡើងវិញ។

ជាងនេះទៅទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យគ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទក្រសួង បង្កើនយុទ្ធនាការជំរុញការដាំដុះដំណាំរយៈពេលខ្លី ដូចជាការចិញ្ចឹមសត្វ និងការងារវារីវប្បកម្មនៅតាមបណ្តាខេត្ត ដែលបាននឹងកំពុងរងផលប៉ះពាល់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ។ សូមបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលបានបញ្ចេញ គ្រាប់ពូជស្រូវ ប្រមាណជា ២០០តោន ជួយកសិករដែលជួបគ្រោះរាំងស្ងួត នៅខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និង ខេត្តស្ទឹងត្រែងរួចមកហើយ ដោយក្នុងមួយឆ្នាំត្រៀមពូជស្រូវ ២ពាន់តោន៕

ប្រភព៖ ក្រសួងព័ត៌មាន