រុស្ស៊ី សន្យាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមាន​កម្រិតទាបនៅឡើយ
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជា លោក Anatoly Borovik បានសន្យាជំរុញបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរដែលបច្ចុប្បន្នស្ថិតនៅកម្រិតទាប។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងកាលពីថ្ងៃទី ១៣ ខែតុលា ម្សិលមិញនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមរវាងលោកឯកអគ្គរដ្ឋទូត ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឲ្យមានកិច្ចប្រជុំតាមអ៉ីនធឺណេត នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងកម្ពុជា-រុស្ស៊ី ស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងសហប្រតិបត្តិការបច្ចេកទេស (IGC) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយបន្ថែមថា ដោយសារតែវីរុស Covid-19 កម្ពុជាមិនទាន់បានបើកឱ្យភ្ញៀវទេសចរបរទេសមកទស្សនានៅឡើយទេ ប៉ុន្តែបានស្វាគមន៍ពាណិជ្ជករបរទេសទាំងអស់។

ជាងនេះទៅទៀត ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីរុស្ស៊ីជួយជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង Eurasian Economic Union ដែលមានប្រទេសចំនួនបួននៅអាស៊ី និងសហព័ន្ធរុស្ស៊ី រួមទាំងគាំទ្រដល់ប្រទេសកម្ពុជាឱ្យក្លាយជាអ្នកសង្កេតការណ៍ និងជាសមាជិកនាពេលអនាគតរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ ជាកិច្ចឆ្លើយតប លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បានសន្យាថា នឹងរៀបចំកិច្ចប្រជុំតាមអ៉ីនធឺណេត របស់ (IGC) និងបញ្ជូនសំណើផ្សេងទៀតរបស់ប្រទេសកម្ពុជាទៅរដ្ឋាភិបាលរុស្ស៊ីដើម្បីពិចារណា៕​

ប្រភព៖ ក្រសួងព័ត៌មាន