យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីទំនងជាអាក្រក់ជាងការរំពឹងទុក ខណៈពេលដែលប្រទេសនេះកំពុងតស៊ូដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១.៥% នៅឆ្នាំនេះច្រើនជាងការធ្លាក់ចុះ ០.៣% ដែល IMF បានព្យាករកាលពីខែមិថុនា។ IMF បាននិយាយថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅតែមិនទៀងទាត់ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីកំពុងតស៊ូដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេស ខណៈពេលដែលករណីឆ្លងបានកើនឡើងដល់ ៣៤០,៦២២ នាក់ជាមួយនឹងការស្លាប់ជាង ១២,០០០ នាក់គិតត្រឹមរសៀលថ្ងៃអង្គារ ទី ១៣ ខែតុលា។

ការព្យាករណ៍របស់ IMF គឺស្របទៅនឹងការប៉ាន់ស្មានរបស់រដ្ឋាភិបាល សម្រាប់ការធ្លាក់ចុះពេញមួយឆ្នាំពី ០.៦% ទៅ ១.៧% ដែលបានធ្វើនៅចុងខែកញ្ញា ពោលគឺធ្លាក់ចុះពីកំណើន GDP ៥.០២% នៅក្នុងឆ្នាំ ២០១៩ ។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៤.៤% នៅឆ្នាំនេះ ដែលទាបជាងការប៉ាន់ស្មានមុនរបស់ IMF ចំនួន ៤.៩% ដោយសារតែទិន្នន័យ GDP នៅត្រីមាសទី២ ល្អប្រសើរជាងការរំពឹងទុកនៅក្នុងប្រទេសដែលសកម្មភាព បានចាប់ផ្តើមប្រសើរឡើងបន្ទាប់ពីការចាក់សោរ និងសញ្ញានៃការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី៣ ។

គួរឱ្យដឹងផងដែរថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីរដ្ឋាភិបាលរំពឹងថា ប្រជាជនឥណ្ឌូណេស៊ីចំនួន ៤ លាននាក់បន្ថែមទៀត នឹងធ្លាក់ចូលក្នុងភាពក្រីក្រហើយប្រជាជនចំនួន ៥ លាន ៥ សែននាក់នឹងបាត់បង់ការងារក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


