ធនាគារពិភពលោកនឹងផ្ដល់ប្រាក់កម្ចី ១២ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញវ៉ាក់ការពារជំងឺ Covid-19
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តកាលពីថ្ងៃអង្គារ ទី ១៣ ខែតុលា នូវថវិកាចំនួន ១២ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់ពលរដ្ឋរបស់ពួកគេ។

WB បាននិយាយថា កម្មវិធីហិរញ្ញប្បទាននេះ នឹងរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេសដល់បណ្តាប្រទេសអ្នកទទួល ដូច្នេះពួកគេអាចត្រៀមសំរាប់ចាក់វ៉ាក់សាំងបានតាមកំរិត ហើយនឹងផ្តល់សញ្ញាដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងថានឹងមានតំរូវការខ្ពស់ និងហិរញ្ញប្បទានគ្រប់គ្រាន់សម្រាប់វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

WB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « កញ្ចប់ហិរញ្ញប្បទាននេះ ជួយផ្តល់ជាសញ្ញាដល់ឧស្សាហកម្មស្រាវជ្រាវ និងឱសថដែលពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវការទទួលវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព »។ « វាក៏នឹងផ្តល់ហិរញ្ញប្បទាន និងការគាំទ្រផ្នែកបច្ចេកទេសផងដែរ ដូច្នេះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍អាចរៀបចំសម្រាប់ការចាក់វ៉ាក់សាំងក្នុងកំរិតមួយ ដោយមានការសម្របសម្រួលជាមួយដៃគូអន្តរជាតិ »។

លោក David Malpass ប្រធាន WB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព និងពង្រឹងប្រព័ន្ធចែកចាយ គឺជាគន្លឹះក្នុងការផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាត និងជួយប្រទេសដែលជួបប្រទះផលប៉ះពាល់ខាងសេដ្ឋកិច្ច និងសារពើពន្ធ។

លោកបានបានបន្ថែមថា ការផ្តល់ហិរញ្ញប្បទាននេះ ក៏នឹងជួយដល់បណ្តាប្រទេសនានាឱ្យទទួលបានការធ្វើតេស្ត និងការព្យាបាលជំងឺ Covid-19 និងពង្រីកសមត្ថភាពចាក់ថ្នាំបង្ការ ដើម្បីជួយប្រព័ន្ធសុខាភិបាលក្នុងការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia