ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន កើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន
សេដ្ឋកិច្ច October 13, 2020 Chan Sreyny

យោងតាមទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានកើនឡើង ៧.៥% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។

រដ្ឋបាលគយចិន (GAC) បាននិយាយថា ការនាំចេញបានកើនឡើង ១០.២% បើធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង ៤.៣% ។ យោងតាមអ្នកនាំពាក្យរបស់ GAC លោក Li Kuiwen បានឱ្យដឹងថា តំលៃប្រចាំត្រីមាសទាំងការនាំចេញ និងនាំចូលបានឈានដល់កំរិតខ្ពស់ក្នុងត្រីមាសទី៣ ។

ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី៣ ពាណិជ្ជកម្មទំនិញបរទេសរបស់ចិនមានចំនួនសរុប ២៣.១២ ទ្រីលានយ័ន (៣.៤៤ ទ្រីលានដុល្លារ) ពោលគឺកើនឡើង ០.៧% បើធៀបនឹងឆ្នាំមុន។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអំឡុងពេលនេះ បន្ទាប់មកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈពេលដែលពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាងបានកើនឡើង ១.៥% ។

គួរឱ្យដឹងផងដែរថា ប្រទេសចិនមានការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ នៅក្នុងការនាំចេញដ៏ខ្លាំងនៃការផ្គត់ផ្គង់ការត្រួតពិនិត្យជំងឺរាតត្បាត និងឧបករណ៍ដូចជា៖ កុំព្យូទ័រយួរដៃ និងកុំព្យូទ័រ Tablet៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet