យោងតាមការស្ទង់មតិបានបង្ហាញថា ៣៥% នៃកម្មករនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានបញ្ឈប់ការងារ ដោយសារតែជំងឺរាតត្បាត Covid-19 ចំណែក ១៩% ត្រូវបានបង្ខំឲ្យឈប់សម្រាកពីការងារដោយមិនមានប្រាក់ខែ។
អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ JobStreet Indonesia លោក Faridah Lim បាននិយាយថា ៥៤% នៃកម្មករឥណ្ឌូនេស៊ីបានទទួលរងផលប៉ះពាល់ពីការរាតត្បាតនេះ។ លោកបានមានប្រសាសន៍ថា វិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ វាយនភ័ណ្ឌ ម្ហូបអាហារ ភេសជ្ជៈ និងស្ថាបត្យកម្មត្រូវបានជះឥទ្ធិពលខ្លាំងបំផុត។ អ្នកធ្វើការក្នុងបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារទទួលរងផលប៉ះពាល់ច្រើនជាងគេ ៨៥% បន្ទាប់មកបុគ្គលិកទេសចរណ៍ ៨២% និងកម្មករសំណង់ ៦៤% ។

ដោយមានការចូលរួមពីអ្នកឆ្លើយសំណួរជាង ៥០០០ នាក់មកពីទូទាំងប្រទេសឥណ្ឌូនេស៊ីបានរកឃើញថា មានកម្មករឥណ្ឌូនេស៊ីចំនួន ៤៣% បានទទួលរងនូវការកាត់បន្ថយប្រាក់ឈ្នួលរហូតដល់ ៣០% ក្នុងកំឡុងពេលដែលមានការដាក់កម្រិតលើការរឹតត្បិតក្នុងសង្គមទ្រង់ទ្រាយធំ។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ចំនួនមនុស្សដែលបាត់បង់ការងារធ្វើនៅឥណ្ឌូនេស៊ី នឹងបន្តកើនឡើងប្រសិនបើរដ្ឋាភិបាលឥណ្ឌូនេស៊ីមិនចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតដើម្បីស្តារសេដ្ឋកិច្ច៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


