យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលា បានឲ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់គ្រោងផ្ដល់ជំនួយបច្ចេកទេស និងសម្ភារៈដល់កម្ពុជា លើគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី (Waste Energy) និងដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញផងដែរ។
(រូបតំណាង)
ឯកឧត្តម Jyri Järviaho បានបញ្ជាក់ថា ក្រៅពីគម្រោងទាំងពីរនេះ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏មានត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។

សូមជម្រាបផងដែរថា គម្រោងទាំងពីរនេះត្រូវបានលើកឡើងដោយឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងថៃ ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ៕

(រូបតំណាង)
អត្ថបទ៖ លីនី


