រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានអនុម័តកម្មវិធីវិនិយោគសាធារណៈរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ដែលនឹងត្រូវការដើមទុនសរុប ១២.៨ ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៦២៩ នេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន។
លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការអនុម័តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៥០.១% នៃការវិនិយោគសរុបរបស់កម្មវិធី នឹងផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ៣៤.២% លើគម្រោងជំរុញសេដ្ឋកិច្ច ៨.៩% លើគម្រោងសង្គម និង ៦.៨% លើគម្រោងវិស័យសេវាកម្ម។ លោកបន្តថា គោលបំណងរបស់កម្មវិធីគឺដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងដើម្បីកាត់បន្ថយភាពក្រីក្របន្ថែមទៀត តាមរយៈការវិនិយោគក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។

លោកបន្តថា ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏ជំហរហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅតែល្អដដែលបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួន ហើយព្រះរាជាណាចក្រកម្ពុជាមិនបានស្នើសុំឱ្យម្ចាស់បំណុល ពន្យារការសងប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។

លោកបន្ថែមថា រដ្ឋាភិបាលនៅតែអាចផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ។ លើសពីនេះទៅទៀត វាបានផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩,៩៧៣ គ្រួសារក្នុងកំឡុងពេលមានជំងឺរាតត្បាត៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


